គ្រោងដាក់ឧបករណ៍ពិនិត្យសាំងមិនគ្រប់លីត្រ និងការក្លែងបន្លំ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៧ មករា ២០១៧) ៖ ដើម្បីការពារអ្នកប្រើប្រាស់ប្រេងឥន្ធនៈ និងលុបបំបាត់ភាពមន្ទិលសង្ស័យដែលកើតមានជាយូរមកហើយលើបញ្ហាចាក់សាំងមិនគ្រប់លីត្រ និងលាយសាំងបន្លំអតិថិជននោះ អគ្គនាយកដ្ឋានកាំកុងត្រូលគ្រោងរៀបចំច្បាប់ និងដាក់ឧបករណ៍ត្រួតពិនិត្យសាំងនៅតាមស្ថានីយនីមួយៗ ដើម្បីបញ្ឈប់ការឆ្លៀតឱកាសកេងចំណេញ និងបន្លំពីម្ចាស់ស្ថានីយប្រេងឥន្ធនៈ ។
ថ្លែងក្នុងសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧ លោក ម៉ក់ ពេជ្ជរិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានកាំកុងត្រូល បានលើកឡើងថា ដោយសារតែគ្មានអ្នកត្រួតពិនិត្យច្បាស់លាស់ជូនអតិថិជន ជួនកាល គេទិញសាំងមួយលីត្រ ប៉ុន្តែមិនបានគ្រប់មួយលីត្រនោះទេ ពោលគឺបានតែ០,៨០លីត្រ គឺបាត់តិចៗមិនគ្រប់ចំនួន។ លើសពីនេះ ពេលអតិថិជនចាក់សាំងស៊ុបពែរ បើអ្នកចាក់ដាក់សាំងធម្មតាឲ្យ ក៏អ្នកទិញមិនដឹងដែរ ។
លោកបញ្ជាក់ថា ៖ « ការចុះតាមស្ថានីយមើលបរិមាណរង្វាស់អត់គ្រប់ទេ កុំថាគ្រប់នោះ។ មានរថយន្ដទៅចាក់សាំង ពេលខ្លះចាក់ហើយចាំតែហុចលុយឲ្យគេទេ អត់មានត្រួតពិនិត្យអីទេ ដោយសារឃើញកុងទ័រវាចេញមកអីចឹង ប៉ុន្តែតាមពិតបាត់ គឺបាត់តិចៗ ។ ចាក់មួយលីត្របាត់តិច ដល់ចាក់១០លីត្របាត់ច្រើន ហើយបើចាក់១០០លីត្រ កាន់តែបាត់ច្រើនទៀត ហើយនេះជាការបាត់បង់ដែលយើងត្រូវតែមើលរឿងហ្នឹង » ៕