ពង្រឹងសមត្ថភាពអ្នកសារព័ត៌មានខេត្តលើក្រមសីលធម៌ និងបណ្តាញសង្គម
ដោយ ផល សុវណ្ណរតនៈ
Cambodia News
ភ្នំពេញ៖ នៅសប្តាហ៍នេះ ក្លឹបអ្នកសែតកម្ពុជាបានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលមួយនៅក្នុងរាជធានីភ្នំពេញ សម្រាប់អ្នកសារព័ត៌មានមកពីបណ្តាខេត្តមួយចំនួន ដើម្បីពង្រឹងសមត្ថភាពពួកគេស្តីពី “តួនាទីអ្នកសារព័ត៌ក្នុងការលើកស្ទួយវិជ្ជាជីវៈ និងសីលធម៌សង្គម” ដោយវគ្គនេះមានទាំងការបង្ហាញទ្រឹស្តីផងនិងការអនុវត្តសរសេរព័ត៌មានជាក់ស្តែងផង។
ថ្លែងនៅក្នុងពិធីបើកវគ្គនោះ លោក អ៊ុក គឹមសេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មានបានមានប្រសាសន៍ថា វគ្គនេះពិតជាមានសារសំខាន់ណាស់សម្រាប់អ្នក
សារព័ត៌មាន ខណៈដែលអ្នកប្រើប្រាស់បណ្តាញសង្គម ពិសេសហ្វេសប៊ុកកំពុងកើនឡើងយ៉ាងគំហ៊ុក ហើយអ្នកប្រើប្រាស់មិនមានក្រមសីលធម៌ល្អ។
លោកបានបញ្ជាក់ថា អ្នកសារព័ត៌មានពិតជាមានតួនាទីយ៉ាងសំខាន់ក្នុងការជួយលើកស្ទួយសីលធម៌សង្គមឲ្យបានល្អប្រសើរឡើង តាមរយៈអត្ថបទរបស់ខ្លួនដែលបង្ហោះនៅលើគេហទំព័រនិងបណ្តាញសង្គម ព្រោះថា “បណ្តាញសង្គមគឺជាកាំបិតមុខពីរ ប្រសិនបើប្រើប្រាស់វាមិនបានត្រឹមត្រូវទេ នោះនាំឲ្យសង្គមអន្តរាយ។
លោកបន្តថា បច្ចុប្បន្នអ្នកប្រើប្រាស់ហ្វេសប៊ុកមួយចំនួនបានប្រើអារម្មណ៍ផ្ទាល់ខ្លួន នៅពេលខ្លួនបានឃើញសារ និងរូបភាពមួយចំនួនដែលខ្លួនមិនទាន់ដឹងច្បាស់ថា ពិតឬក៏មិនពីតនៅឡើយ ហើយក៏ការនាំគ្នាជេរប្រមាថគ្មានសីលធម៌។
នៅក្នុងបទបង្ហាញមួយស្តីពី “បទពិសោធន៍ដ៏អាក្រក់ក្នុងការបង្ហោះសេចក្តីរាយការណ៍និងរូបភាព ទាំងរូបថត និងរូបវីដេអូ” លោក ប៉ែន បូណា ប្រធានក្លឹបអ្នកកាសែតកម្ពុជា បានបញ្ជាក់ថា អ្នកសារព័ត៌មានត្រូវប្រុងប្រយ័ត្ន ដោយធ្វើការផ្ទៀងផ្ទាត់ឲ្យបានច្បាស់លាស់មុនចេញផ្សាយព័ត៌មាន ដើម្បីចៀសវាងកុំឲ្យប៉ះពាល់កិត្តិយសរបស់បុគ្គលដែលគ្មានកំហុស។
បើតាមការឲ្យដឹងរបសលោក ឆាយ សុផល គ្រូបង្គោលនៅក្នុងវគ្គនោះ បានបញ្ជាក់ថា សិក្ខាបណ្តុះបណ្តាលរយៈពេលពីរថ្ងៃនាថ្ងៃទី២៧-២៨ ធ្នូ នៅឯភោជនីដ្ឋានទន្លេបាសាក់២មានអ្នកសារព័ត៌មានចំនួនមកពី៥ខេត្តគឺខេត្ត ព្រះវិហារ សៀមរាប បាត់ដំបង ពោធិសាត់ និងកំពង់ធំ។
លោកបន្តថា វគ្គនេះក៏បានអញ្ជើញអ្នកសារព័ត៌មានដែលមានបទពិសោធន៍ច្រើនមកបង្ហាញទាំងទ្រឹស្តី និងការសរសេរព័ត៌មានជាក់ស្តែង។
នេះគឺជាវគ្គលើកដំបូងហើយ ដែលក្លិបអ្នកសែតកម្ពុជាបានរៀបចំឡើង ហើយនៅថ្ងៃទី២៩-៣០ធ្នូ ក្លិបអ្នកសែតកម្ពុជាបាននឹងរៀបចំមួយទៀតសម្រាប់អ្នកសារព័ត៌មានមកពីខេត្ផ្សេង៕