រញ្ជួយដីកម្រិត៧.៧ រិចទ័រវាយប្រហារភាគខាងត្បូងប្រទេសឈីលី
សារព័ត៌មាន Cambodia News/
ឈីលី (២៦ ធ្នូ ២០១៦) ៖ គ្រោះរញ្ជួយដីដ៏ខ្លាំងមួយមានកំរិត ៧.៧ រិចទ័រ បានវាយប្រហារមកលើតំបន់ឆ្នេរ Puert Quellon នៃ ភាគខាងត្បូងប្រទេសឈីលីកាលពីម្សិលមិញដោយបណ្ដាលឱ្យមនុស្សរាប់ពាន់នាក់រត់ចេញពីតំបន់មួយចំនួននៅតាមឆ្នេរសមុទ្រ ប៉ុន្តែគ្មានមនុស្សរងគ្រោះ ឬការខូចខាតខ្លាំងនៅតំបន់ទេសចរណ៍សម្រាប់ស្ទូចត្រីកម្សាន្តនេះទេ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC ។
យោងតាមទីភ្នាក់ងារភូមិសាស្ត្រអាមេរិក គ្រោះរញ្ជួយដីនេះ មានចំណុចរញ្ជួយនៅចំងាយ ២២៥ គីឡូម៉ែត្រ ពីភាគ ខាងលិច តំបន់ឆ្នេរ Puert Quellon និងមានជំរៅរញ្ជួយទៅក្នុងដី ១៥ គីឡូម៉ែត្រ។
ទោះបីយ៉ាងណាការិយាល័យសង្គ្រោះបន្ទាន់ជាតិនៅប្រទេសឈីលីបានប្រកាសពីសុវត្ថិភាពនៃរលកយក្ខស៊ូណាមីនៅប៉ុន្មានម៉ោងក្រោយពីមានគ្រោះរញ្ជួយដីដែលបានកើតឡើងនៅចំថ្ងៃបុណ្យណូអែលនេះ ហើយបានប្រាប់ឲ្យមនុស្សជិត៥ពាន់នាក់ដែលរត់ចេញពីផ្ទះរបស់ខ្លួននោះត្រឡប់ទៅមូលដ្ឋានរបស់ខ្លួនវិញ។
មន្ត្រីពាក់ព័ន្ធនៅប្រទេសនេះបានបញ្ជាក់ថា ស្ពាន់មួយខ្សែនៅតំបន់នោះបានរងការខូចខាត ខណៈក្រុមកម្មករកំពុងធ្វើការតភ្ជាប់បណ្ដាញអគ្គិសនីឡើងវិញនៅតាមផ្ទះចំនួន២១០០០កន្លែង៕