ស្ត្រីបឹងកក់ដែលរងគ្រោះដោយការវាយឲ្យរលូតកូនដាក់ពាក្យបណ្តឹងទៅតុលាការ
ដោយ៖ ហេង នាង
Cambodia News
កាលពីថ្ងៃទី០១ សីហា ២០១២ អ្នកស្រី បូវ ស្រីស្រស់ជាស្ត្រីក្នុងចំណោមស្ត្រីសហគមន៏បឹងកក់ដែល រងគ្រោះដោយការវាយឲ្យរលូតកូន ដោយប៉ូលិសនៅក្នុងការបង្រ្កាបយ៉ាងកម្រោលមួយទៅលើក្រុម អ្នកតវ៉ារបស់សហគមន៏បឹងកក់បានសម្ដែងប្រតិកម្មចំពោះពាក្យប្រមាថបន្ថែមពីសំណាក់មេប៉ូលីស ដែលមានឈ្មោះក្នុងបណ្ដឹងទៅតុលាការរបស់គាត់ ។
លោក ភួង ម៉ាល័យ ស្នងការរងក្រុងភ្នំពេញជាមនុស្សម្នាក់ក្នុងចំណោមពីរនាក់ នោះគឺលោក សុខ ពេញវុធ អភិបាលរងខណ្ឌដូនពេញ ដែលមានឈ្មោះនៅក្នុងពាក្យបណ្ដឹងរបស់អ្នកស្រី បូវ ស្រីស្រស់ ថាជាអ្នកផ្ដើមគំនិតធ្វើឲ្យមានការវាយបង្រ្កាបយ៉ាងទៅលើអ្នកភូមិបឹងកក់ និង អ្នកស្រីរហូតដល់រលូត កូននោះបានប្រើពាក្យប្រមាថបន្ថែមថា «តើស្ដ្រីរងគ្រោះក្មេង ឬក៏ចាស់ហើយគាត់ប្ដឹងហ្នឹងចង់ឲ្យខ្ញុំ សងកូនគាត់វិញ ឬ យ៉ាងណា ? ខ្ញុំសូមប្រាប់វិញថា បើគាត់ចង់ឲ្យខ្ញុំសងកូនវិញ ខ្ញុំក៏នៅក្មេងដែរ»។
អ្នកស្រី បូវ ស្រីស្រស់ បានបញ្ជាក់ថា សម្ដីបែបនេះគឺជាការប្រមាថកាតទានយ៉ាងធ្ងន់ធ្ងរបំផុតមកលើ រូបអ្នកស្រី ក៏ដូចជាស្ត្រីខ្មែរទូទាំងប្រទេស ហើយបានទាមទារឲ្យមានការផ្ដល់យុត្តិធម៌ចំពោះរឿងនេះ ៕