ខឹងឲ្យយកកូនចេញមិនព្រម វាយប្រពន្ធបែកភ្នែក ហើមមុខ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២០ ធ្នូ ២០១៦) ៖ កាលពីវេលាម៉ោង១១ និង២០នាទីយប់ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅក្នុងវត្តកំបូល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បុរសជាប្តីម្នាក់បានវាយប្រពន្ធបណ្តាលឲ្យរងរបួសបែកភ្នែក និងហើមមុខយ៉ាងខ្លាំង ព្រោះតែខឹងឲ្យនាងយកកូនក្នុងផ្ទៃចេញមិនព្រម។
តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា ស្ត្រីរងគ្រោះមានឈ្មោះ ចូក ស្រីនាង អាយុ៣៤ឆ្នាំ មុខរបរដើរបេះត្រកួនលក់ ចំណែកឯបុរសជាប្តីមានឈ្មោះ សឹម មុខរបរធ្វើការសំណង់។
សមត្ថកិច្ចបានឲ្យដឹងថា បើតាមស្ត្រីរងគ្រោះរៀបរាប់ថា រូបគាត់ និងប្តីបានរួមរស់ជាមួយគ្នាអស់រយៈពេល៤ឆ្នាំហើយ ដោយមិនបានរៀបការអ្វីឡើយ ហើយរូបគាត់បច្ចុប្បន្នកំពុងតែមានផ្ទៃពោះ២ខែផងដែរ។ នៅថ្ងៃកើតហេតុប្តីរបស់គាត់បានបង្ខំឲ្យគាត់យកកូនចេញ តែគាត់មិនព្រមក៏ឈ្លោះប្រកែកគ្នា ហើយឈានដល់ការប្រើហិង្សាវាយមកលើរូបគាត់បែកភ្នែក និងហើមពេញមុខតែម្តង។
ក្រោយត្រូវប្តីវាយធ្វើបាបរួចមក ដោយសារតែខ្លាចប្តីតាមរកឃើញវាយធ្វើបាបទៀត គាត់ក៏បានរត់ទៅពួនសម្ងំនៅក្នុងវត្តកំបូល ហើយក៏ត្រូវប្រជាពលរដ្ឋនៅក្បែរនោះប្រទះឃើញ ក៏ហៅសមត្ថកិច្ចឲ្យជួយ និងហៅរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យតែម្តង៕