ធ្លាក់យន្តហោះប៉ាគីស្ថានមនុស្ស៤៨នាក់ស្លាប់ទាំងអស់
សារព័ត៌មាន Cambodia News/
ប៉ាគីស្ថាន (០៨ ធ្នូ ២០១៦) ៖ ក្រុមអាជ្ញាធរប៉ាគីស្ថានបាននិយាយថា យន្តហោះប៉ាគីស្ថានមួយគ្រឿងដែលដឹកមនុស្ស៤៨នាក់ បានធ្លាក់នៅតំបន់ភ្នំមួយនៅភាគខាងជើង នៃប្រទេសប៉ាគីស្ថាន ហើយបានផ្ទុះជាអណ្តាតភ្លើង ដោយបានសម្លាប់មនុស្សទាំងអស់នៅលើយន្តហោះនោះ កាលពីថ្ងៃពុធ ។
ក្រុមអ្នកសង្គ្រោះ បានទាញសាកសពដែលឆេះខ្លោចចេញពីបំណែកបាក់បែកនៃយន្តហោះនេះពីកន្លែងធ្លាក់នេះ នៅស្រុកAbbottabad ក្នុងខេត្តPakhtunkhwa ប្រទេសប៉ាគីស្ថាន ។
ជនបរទេសចំនួន៣នាក់គឺជនជាតិអូទ្រីស២នាក់និងជនជាតិចិនម្នាក់ បានស្ថិតនៅក្នុងចំណោមអ្នកស្លាប់ទាំងនេះ ។
យន្តហោះFlight PK661នៃក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិប៉ាគីស្ថាន(PIA)នេះ បានធ្លាក់បន្ទាប់ពីម៉ាស៊ីនមួយក្នុងចំណោមម៉ាស៊ីន២នៃយន្តហោះនេះបានគាំងមិនដំណើរការ ខណៈដែលវាបានកំពុងហោះហើរពីទីក្រុងChitral ទៅកាន់ទីក្រុងIslamabad ប្រទេសប៉ាគីស្ថាន។នេះបើយោងតាម ក្រុមអាជ្ញាធរអាកាសចរណ៍ស៊ីវិលនេះ៕