ប្រព័ន្ធផ្សព្វផ្សាយសង្គមកំពុងមានឥទ្ធិពលយ៉ាងខ្លាំងលើការងារសង្គម និងនយោបាយ
សារេព័ត៌មាន Cambodia News/
ភ្នំពេញ (៣០ វិច្ឆិកា ២០១៦) ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងប្រធានអង្គការមូលនិធិខុនរ៉ាដ ប្រចាំកម្ពុជា សុទ្ធតែបានបង្ហាញនូវគំនិតដូចគ្នាថា ប្រព័ន្ធផ្សព្វផ្សាយសង្គមកំពុងមានឥទ្ធិពលយ៉ាងខ្លាំងលើការងារសង្គម និងនយោបាយ
ការបង្ហាញនូវគំនិតដូចគ្នានេះ ធ្វើឡើងក្នុងកិច្ចពិភាក្សាមួយស្តីពី « អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម និងក្រមសីលធម៌ ៖ តួនាទីប្រព័ន្ធផ្សព្វផ្សាយសង្គមនៅកម្ពុជា » ដែលរៀបចំដោយក្លិបអ្នកកាសែតកម្ពុជា នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ នៅភោជនីយដ្ឋានទន្លេបាសាក់ II រាជធានីភ្នំពេញ ។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានថ្លែងថា បើទោះបីជាប្រព័ន្ធផ្សព្វផ្សាយសង្គមនៅមានបញ្ហាប្រឈម និងសីលធម៌ នៅមានកម្រិត ហើយព័ត៌មាននៅក្នុងបណ្តាញទំនើបមួយនេះ ជាផលិតផលមិនទាន់សម្រេច ហើយពេលខ្លះមិនពិតថែមទៀតក៏ដោយ ក៏ប្រព័ន្ធផ្សព្វផ្សាយសង្គម ឬ Facebook កំពុងមានឥទ្ធពលយ៉ាងខ្លាំងទៅលើកិច្ចការសង្គម សំខាន់បញ្ហានយោបាយនៅបណ្តាប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យ ។
លោក Rene Gradwohl ប្រធានអង្គការមូលនិធិខុនរ៉ាដ អាដេណៅអ៊ែរ ប្រចាំកម្ពុជា បានថ្លែងថា នៅកម្ពុជា គេឃើញពលរដ្ឋកម្ពុជាពេញនិយមក្នុងការប្រើប្រាស់ប្រព័ន្ធ Facebook ហើយតាមរយះនេះ បង្ហាញថា កម្ពុជាបើកទូលាយក្នុងការបញ្ចេញមតិ ហើយទាំងអស់គ្នាទទួលបានព័ត៌មានកាន់តែច្រើនពីប្រព័ន្ធសង្គមមួយនេះ ។ ប៉ុន្តែអ្វីជាការកត់សម្គាល់នោះអ្នកប្រើប្រាស់ប្រព័ន្ធ Facebook មួយចំនួនបានប្រើអារម្មណ៍ ដើម្បីបង្កើតព័ត៌មានវាយប្រហារ ទៅលើបុគ្គលឬក្រុមផ្សេងទៀត ដែលប្រាសចាកពីក្រមសីលធម៌ ។ យ៉ាងណាក៏ដោយលោកថា ពលរដ្ឋកម្ពុជា ដែលទើបទទួលការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើបនេះ នឹងជួបបញ្ហាប្រឈមច្រើន បើទោះជាព័ត៌មានក្នុងប្រព័ន្ធ Facebook ត្រូវបានមនុស្សភាគច្រើនទទួលយកក៏ដោយ ៕