គ្រូពេទ្យសាំងហ្គាពួរសហការជាមួយពេទ្យខ្មែរជួយបង្ការនិងព្យាបាលជំងឺមហារីកនិងបេះដូងនៅកម្ពុជា
(ភ្នំពេញ)៖ គ្រូពេទ្យឯកទេសមួយក្រុមមកពីប្រទេសសិង្ហបូរីបានចាប់ផ្តើមសហការគ្នាជាមួយគ្រូពេទ្យកម្ពុជាមួយក្រុម ដើម្បីជួយបង្ការ និងព្យាបាលជំងឺមហារីកទូទៅ ដូចជាមហារីកសុដន់ មហារីកស្បូន ដៃស្បូន មហារីកសួត មហារីកថ្លើម មហារីកក្រពះ និងពោះវៀនធំជាដើម ព្រមទាំងជំងឺបេះដូងនៅក្នុងប្រទេសកម្ពុជា។
ក្រុមគ្រូពេទ្យសិង្ហបូរីទាំងនោះរួមមានលោកស្រីវេជ្ជបណ្ឌិត ឡូ ស៊ូ គៀន (Lo Soo Kien) ហៅលោកដុកទ័រ ស៊ូ (Sue) ជាអ្នកឯកទេសជាន់ខ្ពស់ផ្នែកជំងឺមហារីក និងលោកវេជ្ជបណ្ឌិត រិជិណល លូវ (Reginald Liew) ហៅលោកដុកទ័រ លូវ ជាអ្នកឯកទេសជាន់ខ្ពស់ផ្នែកបេះដូង ព្រមទាំងគ្រូពេទ្យជំនាញផ្សេងទៀតមកពីប្រទេសសិង្ហបូរី។
នៅក្នុងបទបង្ហាញមួយនៅឯមន្ទីរពហុព្យាបាលអន្តរជាតិខេមាបឹងកេងកង នារាជធានីភ្នំពេញ ទាំងលោកដុកទ័រ ស៊ូ និងលោកដុកទ័រ លូវ បានលើកឡើងពីបញ្ហាចម្បងដែលនាំឲ្យមានជំងឺមហារីក និងជំងឺបេះដូង ហើយថា ពួកគេនឹងរួមសហការជាមួយវេជ្ជបណ្ឌិតឯកទេសខ្មែរ ដើម្បីផ្តល់ការពិគ្រោះ ពិនិត្យ ធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺមហារីក និងបេះដូងនៅមន្ទីរពហុព្យាបាលអន្តរជាតិខេមាបឹងកេងកងទៅតាមការណាត់ជួប។
លោកដុកទ័រ ស៊ូ បានបង្ហាញតួលេខមហារីកដែលកើតមានភាគច្រើននៅលើពិភពលោកចំពោះស្រ្តីគឺមហារីកសុដន់ មហារីកសួត មហារីកក្រពះ មហារីកមាត់ស្បូន និងមហារីកពោះវៀនធំរហូតមកដល់ទ្វារធំ ចំណែកឯបរុសវិញគឺមានមហារីកបំពង់អាហារ មហារីកសួត មហារីកក្រពះ មហារីកថ្លើម មហារីកក្រពេញប្រូស្តាត និងមហារីកទ្វារធំភ្ជាប់ពីពោះវៀនធំ។
លោកស្រីក៏បានរម្លឹកដែរថា មនុស្សស្លាប់ភាគច្រើនដោយសារជំងឺមហារីកកាលពីឆ្នាំ២០០៧ គឺមហារីកសួត មហារីកក្រពះ មហារីកពោះវៀនធំរហូតមកដល់ទ្វារធំ មហារីកថ្លើម និងមហារីកសុដន់។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់មន្ទីរពហុព្យាបាលអន្តរជាតិខេមាបឹងកេងកង បានសរសេរថា ការធ្វើបទបង្ហាញ និងការពិនិត្យព្យាបាលនេះនឹងធ្វើឡើងជាទៀងទាត់ប្រចាំសប្តាហ៍ និងប្រចាំខែទៅតាមកាលវិភាគដែលមានការរៀបចំទុកជាមុន ក្នុងគោលបំណងលើកកម្ពស់ការផ្តល់សេវាវេជ្ជសាស្រ្តឯកទេសឲ្យបានស្មើកំរិតស្តង់ដាតំបន់ និងស្តង់ដាពិភពលោក។
សូមបញ្ជាក់បន្ថែមថា លោកស្រីដុកទ័រ ស៊ូ ជាវេជ្ជបណ្ឌិតឯកទេសជាន់ខ្ពស់មានជំនាញ និងបទពិសោធន៍ក្នុងការពិនិត្យ ធ្វើរោគវិនិច្ឆ័យ និងព្យាបាលមហារីកទូទៅ ពិសេសមហារីកសុដន់ មហារីកស្បូន ដៃស្បូន និងមហារីកក្រពះ ពោះវៀន។ លោកស្រីបានសិក្សានិងធ្វើការនៅចក្រភពអង់គ្លេស និងសិង្ហបូរីជាង១០ឆ្នាំ ហើយបច្ចុប្បន្នជាសមាជិកសមាគមវិជ្ជាជីវៈមហារីកអាមេរិក និងសមាជិកសមាគមវិជ្ជាជីវៈមហារីកសិង្ហបូរី ហើយក៏ធ្លាប់ធ្វើជាប្រធានគណៈកម្មាធិការត្រួតពិនិត្យសុវត្ថិភាពការព្យាបាលជំងឺមហារីកដោយប្រើថ្នាំនៃមជ្ឈមណ្ឌលមហារីកជាតិសិង្ហបូរីផងដែរ។
ចំណែកលោកដុកទ័រ លូវ ជាបណ្ឌិតវិទ្យាសាស្រ្ត និងជាវេជ្ជបណ្ឌិតឯកទេសជាន់ខ្ពស់បេះដូងដែលមានបទពិសោធន៌ការងារយ៉ាងសកម្មខាងពិគ្រោះ ពិនិត្យ ធ្វើរោគវិច្ឆ័យ និងព្យាបាលជំងឺបេះដូង និងសរសៃឈាមទូទៅ ពិសេសព្យាបាលបេះដូងដើរមិនស្មើ ឬមានវិបត្តចង្វាក់ និងបេះដូងដែលត្រូវដាក់ឧបករណ៍ជំនួយនិងសម្រួលចង្វាក់។
លោក លូវ បានសិក្សា និងធ្វើការនៅចក្រភពអង់គ្លេស និងសិង្ហបូរីជាច្រើនឆ្នាំ ហើយត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយនៅថ្នាក់តំបន់ និងថ្នាក់អន្តរជាតិទៅលើស្នាដៃរបស់លោកខាងជំងឺគាំងបេះដូង។ លោកក៏ជាអ្នកឯកទេសដំបូងគេក្នុងការប្រើប្រព័ន្ទស៊្រីឌី (3D Mapping) ក្នុងការព្យាបាលជំងឺបេះដូងដើរឥតស្មើដែលមានលក្ខណៈស្មុគ្រស្មាញនៅសាំងហ្គាពួរ។
លោក ហាក់ លាងសេង អាជីវករខ្មែរនៅផ្សារអូរឡាំពិក វ័យ៣៦ឆ្នាំ បាននិយាយថា ក្រោយពីលោកបានចូលរួមស្តាប់បទបង្ហាញរបស់គ្រូពេទ្យសិង្ហបូរីទាំងពីររូបបានធ្វើឲ្យលោកយល់ពីបញ្ហាជំងឺទាំងពីរប្រភេទនេះកាន់តែច្បាស់។
លោក លាងសេង បន្តថា “ក្រោយពីបានស្តាប់គ្រូពេទ្យឯកទេសសាំងហ្គាពួរទាំងពីរនាក់មក ខ្ញុំបានយល់ច្រើន ហើយអ្វីដែលពួកគាត់បានលើកឡើងនៅក្នុងបទបង្ហាញនោះបានធ្វើឲ្យខ្ញុំគិតពីបញ្ហាសុខភាពរបស់ខ្ញុំ ព្រោះខ្ញុំធាត់ និងមានជាតិខ្លាញ់ច្រើន។ ម្យ៉ាងទៀត ឪពុកក្មេករបស់ខ្ញុំមានអាការៈ ដូចអ្វីដែលលោកគ្រូពេទ្យបេះដូងលើឡើង”។
ទាំងលោកស្រីដុកទ័រ ស៊ូ ទាំងលោកដុកទ័រលូវ សុទ្ធតែមានចំណែកក្នុងដឹកនាំការស្រាវជ្រាវ និងបោះពុម្ពផ្សាយរបកគំហើញវិទ្យាសាស្រ្តជាច្រើនក្នុងក្របខ័ណ្ឌវិជ្ជាជីវៈរបស់ខ្លួន និងតែងចែករំលែកបទពិសោធន៍ជាប្រចាំជាមួយនិសិ្សត និងអ្នកមានវិជ្ជាជីវៈវេជ្ជសាស្រ្តនៅក្នុងតំបន់ ក៏ដូចជាការបង្រៀន និងអប់រំប្រជាពលរដ្ឋទូទៅផងដែរ។
លោកស្រី ស៊ូ បានបញ្ជាក់ថា ដោយសារតែមន្ទីរពហុព្យាបាលអន្តរជាតិខេមាបឹងកេងកង រាជធានីភ្នំពេញមានឧបករណ៍ស្តង់ដារគ្រប់គ្រាន់ និងគ្រូពេទ្យមានវិជ្ជាជីវៈ ទើបក្រុមគ្រូពេទ្យរបស់លោកស្រីចូលរួមចំណែកក្នុងការពិនិត្យនិងព្យាបាលជំងឺទាំងពីរនេះ។
គួរបញ្ជាក់ថា លោកវេជ្ជបណ្ឌិត លូវ និងលោកស្រីវេជ្ជបណ្ឌិត ស៊ូ អាចណាត់ជួបពិគ្រោះយោបល់បានតាមរយៈមន្ទីរពហុព្យាបាលអន្តរជាតិខេមាបឹងកេងកង រាជធានីភ្នំពេញ ស្ថិតនៅដីឡូត៍លេខ ២៨ ផ្លូវ ២៩៤ សង្កាត់បឹងកេងកង ១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
សម្រាប់ព័ត៌មានបន្ថែមសូមសូមទាក់ទងលេខទូរស័ព្ទ 099 588 588 និង 012 303 212