ក្រសួងសុខាភិបាលព្រមានផាកពិន័យក្រុមហ៊ុនផលិតថ្នាំជក់មិនទាន់អនុវត្តតាមច្បាប់
Cambodia News/
ភ្នំពេញ (២៥ វិច្ឆិកា ២០១៦) ៖ យោងតាមលិខិតរបស់ក្រសួងសុខាភិបាល ដែលបានចេញ កាលបីខែតុលា កន្លងទៅថ្មីៗហើយអ្នកយកព័ត៌មានយើងទទួលបាន នាថ្ងៃទី២៤ ខែវិច្ឆិកា នេះបានឲ្យដឹងថា អនុក្រឹត្យស្តីពីការបោះពុម្ពសារព្រមានសុខភាពជាភាសាខ្មែរ និងជារូបភាពលើកញ្ចប់ផលិតផលថ្នាំជក់ ដែលមានទំហំ៥៥% បានចូលជាធរមានហើយចាប់តាំងពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦។
គ្រប់ក្រុមហ៊ុនផលិតផលថ្នាំជក់នៅមិនទាន់គោរពបានលើវិធាន ការចំពោះការផ្សព្វផ្សាយពាណិជ្ជកម្ម ការផ្សព្វផ្សាយលក់ និងការឧបត្ថម្ភកម្មវិធីដោយឧស្សាហកម្មថ្នាំជក់ ដូចដែលមានចែងក្នុងច្បាប់ ស្តីពីការត្រួតពិនិត្យ ផលិតផលថ្នាំជក់នៅឡើយទេដោយបន្តការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់ ក្រោមរូបភាពជាច្រើនដូចជាតាមរថយន្តនិងក្រុមស្ត្រីចល័ត និងក្រុមហ៊ុនខ្លះនៅតែបន្តផ្តល់រង្វាន់ដល់អ្នកជក់ដដែលជាដើមនោះ។
អាស្រ័យនេះហើយ ក្រសួងសុខាភិបាល សូមព្រមានដល់ក្រុមហ៊ុនផលិតផលថ្នាំជក់ទាំងអស់កុំឲ្យបន្តរំលោភច្បាប់ទៀត។ ក្នុងករណីមិនគោរពលិខិត ព្រមាននេះក្រសួងសុខាភិបាលនឹងធ្វើការផាកពិន័យ ក្រុមហ៊ុនផលិតផលថ្នាំជក់ដែលល្មើសទាំងនេះ ដូចមានចែងក្នុងច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ជាធរមាននាពេល ខាងមុខឆាប់ៗនេះ៕