ទិវាបុណ្យឯករាជ្យជាតិ ប្រារព្ធឡើងក្រោមព្រះរាជាធិបតីភាពព្រះមហាក្សត្រ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៩ វិច្ឆិកា ២០១៦) ៖ ថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០១៦ ថ្ងៃនេះ ជាខួបគម្រប់៦៣ឆ្នាំ នៃទិវាបុណ្យឯករាជ្យជាតិ។ ក្រៅពីកំណត់ជាថ្ងៃបុណ្យជាតិដែលតម្រូវឲ្យមានការឈប់សម្រាកពីការងារ១ថ្ងៃ រាជរដ្ឋាភិបាល ក៏បានចាត់ចែងរៀបចំប្រារព្ធពិធីបុណ្យនេះ នៅវិមានឯករាជ្យ ក្នុងរាជធានីភ្នំពេញក្រោមព្រះរាជាធិបតីភាពព្រះករុណា ព្រះមហាក្សត្រ ដូចរៀងរាល់ឆ្នាំ។ ក្នុងនោះ ក៏មានការតាំងលម្អរនូវបដាពាក្យស្លោក ព្រមទាំងទង់ជាតិនៅតាមផ្លូវ និងមុខមន្ទីរក្រសួងស្ថាប័នរដ្ឋ ជាដើម។
ក្រៅពីនោះ ក៏មានការដាក់តាំងព្រះឆាយាលក្ខណ៍របស់សម្តេចព្រះ នរោត្តម សីហនុ នៅបរិវេណវិមានឯករាជ្យ នៅមុខព្រះបរមរាជវាំង និងនៅមុខស្ថាប័នក្រសួងមន្ទីរផងដែរ។ ព្រះករុណា សម្តេចព្រះ នរោត្តម សីហនុ បានបំពេញព្រះរាជបូជនីយកិច្ចដឹកនាំចលនាទាមទារឯករាជ្យពីអាណានិគមបារាំង ហើយត្រូវបានប្រកាស នៅថ្ងៃទី៩វិច្ឆិកា ឆ្នាំ១៩៥៣។
តាមកម្មវិធី ដែលបានគ្រោងទុក ក្នុងការរៀបចំពិធីអបអរសាទរខួបទិវាបុណ្យឯករាជ្យជាតិ ថ្ងៃ៩វិច្ឆិកា បានចាប់ផ្តើម នៅម៉ោង ៨ ព្រឹក ដោយព្រះករុណា ព្រះមហាក្សត្រ បានយាងដល់វិមានឯករាជ្យ និងបានដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធបុព្វបុរស និងអ្នកស្នេហាជាតិ ដែលបានតស៊ូ ដើម្បីបុព្វហេតុឯករាជ្យជាតិពីអាណានិគមនិយមបារាំង។
ក្នុងឱកាសនោះ ព្រះមហាក្សត្រ ក៏ប្រទានភ្លើងជ័យ នៅចំកណ្តាលវិមានឯករាជ្យ បន្ទាប់ពីព្រះអង្គ បានយាងសំណេះសំណាលផ្ទាល់ជាមួយអ្នកចូលរួមពិធី ដែលស្ថិតនៅជុំវិញវិមានឯករាជ្យ។ ភ្លើងជ័យ ត្រូវរក្សាទុករយៈពេល ៣ ថ្ងៃ ដោយមានកងទាហាន៤រូបឈរយាមជាប្រចាំ។ ពោលគឺរហូតដល់ល្ងាចថ្ងៃទី១១វិច្ឆិកា ទើបព្រះមហាក្សត្រ យាងទៅពន្លត់ភ្លើងជ័យនោះ៕