រដ្ឋាភិបាលនឹងចាត់វិធានការលើជនណា ដែលថា មានអង្ករប្លាស្ទិក
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០១ វិច្ឆិកា ២០១៦) ៖ រដ្ឋាភិបាលកម្ពុជានឹងចាត់វិធានការផ្លូវច្បាប់ប្រឆាំងជនណាដែលអះអាងដោយគ្មានមូលដ្ឋានច្បាស់លាស់ថាមានអង្ករប្លាស្ទិកចរាចរនៅទីផ្សារកម្ពុជា ហើយក៏ប្រឆាំងនឹងការពិសោធន៍ណាមួយ ដូចជាការដុត ឬលីងអង្ករជាដើមដោយគ្មានការចូលរួមពីមន្ត្រីជំនាញក្នុងការពិសោធន៍ ហើយបង្ហោះជាវីដេអូ ឬរូបភាព ឬសកម្មភាពទាក់ទងនឹងអង្ករប្លាស្ទិកទៅក្នុងប្រព័ន្ធសង្គមដែលធ្វើឲ្យប៉ះពាល់ដល់ កេរ្តិ៍ឈ្មោះអង្ករកម្ពុជា និងទីផ្សារអង្ករកម្ពុជា។
លោកស្រី សឿង សុផារីអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានប្រាប់បណ្ដាញសារព័ត៌មានក្នុងស្រុក កាលពីម្សិលមិញថាពាក្យចចាមអារ៉ាមទាក់ទងនឹងអង្ករប្លាស្ទិក ដែលមានវត្តមាននៅទីផ្សារកម្ពុជា បានកើតឡើងដដែលៗគ្មានមូលដ្ឋានច្បាស់លាស់។ មន្ត្រីមកពីអគ្គនាយកដ្ឋានកម្ពុជា ពិនិត្យទំនិញអាហរ័ណ នីហរ័ណ និងបង្ក្រាបការក្លែងបន្លំ (កាំកុងត្រូល)បានធ្វើតេស្ដបញ្ជាក់រួចរាល់ហើយថា គ្មានវត្តមានអង្ករប្លាស្ទិកនៅទីផ្សារកម្ពុជាទេ។
ការថ្លែងរបស់អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មយ៉ាងដូច្នេះ គឺបន្ទាប់ពី មួយរយៈពេលចុងក្រោយនេះ វត្តមានអង្ករប្លាស្ទិកត្រូវបានបង្ហោះជាញឹកញយនៅក្នុងបណ្តាញសង្គមFacebook ដែលភាគច្រើនប្រជាពលរដ្ឋបានដាក់ក្តីកង្វល់របស់ខ្លួនថាជាអង្ករប្លាស្ទិកនេះជានាំមកពីប្រទេសរៀតណាម ៕