ព្រះមហាក្សត្រថ្មីរបស់ថៃនឹងឡើងគ្រងរាជ្យសម្បត្តិនៅថ្ងៃទី០១ ខែធ្នូ
សារព័ត៌មាន Cambodia News/
បាងកក (០១ វិច្ឆិកា ២០១៦) ៖ មន្ត្រីយោធាជាន់ខ្ពស់ថៃបានដឹងថា ព្រះអង្គម្ចាស់ មហា វ៉ាចរ៉ាឡុងកន ដែលជាព្រះបុត្រានឹងឡើងគ្រងរាជ្យសម្បត្តិនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦ខាងមុខនេះ ហើយប្រទេសថៃកំពុងរៀបចំក្បួនសម្រាប់ការឡើងគ្រងរាជ្យសម្បត្តិ។ នេះបើតាមការចេញផ្សាយសារព័ត៌មាន Channel News Asia។
ប្រភពដដែលបានថ្លែងបញ្ជាក់ដូច្នេះថា «យើងកំពុងតែធ្វើការរៀបចំដើម្បីត្រៀមលក្ខណៈឲ្យគ្រប់ជ្រុងជ្រោយ សម្រាប់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦ ប៉ុន្តែពេលវេលាទៅមុខទៀតយ៉ាងណានោះ គឺវាអាស្រ័យលើតែព្រះរាជបុត្រាតែប៉ុណ្ណោះ»។ សម្រាប់ការគ្រងរាជ្យនៅពេលខាងមុខនេះ គឺមិនមែនជាពិធី ផ្លូវការនោះឡើយ ដោយពិធីផ្លូវការនឹងត្រូវរង់ចាំដោយការបូជាព្រះសពព្រះមហាក្សត្ររួចរាល់ និងការកាន់ទុក្ខ បញ្ចប់នៅរយៈពេលមួយឆ្នាំជាមុនសិន។
គួរបញ្ជាក់ថា ព្រះអង្គម្ចាស់ មហា វ៉ាចរ៉ាឡុងកន នឹងឡើងគ្រោងរាជ្យសម្បត្តិជាព្រះមហាក្សត្រថ្មី របស់ព្រះរាជាណាចក្រថៃ បន្ទាប់ពីទ្រង់បានសុំឲ្យពន្យារពេលនៃការធ្វើពិធីឡើងសោយរាជ្យដើម្បីមានពេល វេលាគ្រប់គ្រាន់ក្នុងការរៀបចំពិធីកាន់ទុក្ខថ្វាយព្រះបិតា គឺព្រះបាទ ភូមិបុល អាប់ឌុលយ៉ាដេត ដែលបានសោយទិវង្គតកាលពីថ្ងៃទី១៣ ខែតុលា នៅក្នុងព្រះជន្មាយុ ៨៨ព្រះវស្សា៕