កូនប្រុសវាយធ្វើបាប និងចាប់រំលោភម្តាយបង្កើតរយៈពេល៦ឆ្នាំ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៧ តុលា ២០១៦) ៖ បុរសញៀនថ្នាំម្នាក់ត្រូវបងប្រុសបង្កើតប្តឹងនគរបាល ចាប់ខ្លួនកាលពីវេលាម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ បន្ទាប់ពីជននេះបានគំរាមគំហែង និងវាយធ្វើបាបម្តាយ ពេលដែលចាប់ខ្លួនស្រាប់តែបែកធ្លាយរឿងចាប់រំលោភម្តាយបង្កើតខ្លួនឯងបន្តបន្ទាប់រយៈពេល៦ឆ្នាំហើយ ។
នៅចំពោះមុខសមត្ថកិច្ចកូនញៀនថ្នាំរូបនេះបានឱ្យដឹងថា ខ្លួនពិតជាបានចាប់រំលោភម្តាយបង្កើតអស់រយៈពេលប្រមាណ៦ឆ្នាំមកហើយ។
ជនសង្ស័យញៀនខាងលើត្រូវសមត្ថកិច្ចឱ្យដឹងថា មានឈ្មោះ យឹម ហួត អាយុ៤៧ឆ្នាំ មានប្រពន្ធ តែទើបតែលែងលះគ្នាប្រមាណជាង១ឆ្នាំ និងមានកូនប្រុស-ស្រី២នាក់ មានទីលំនៅផ្ទះគ្មានលេខ តាមផ្លូវជាតិលេខ៥ ក្នុងភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌប្ញស្សីកែវ ។ ចំណែកស្ត្រីជាម្តាយដែលរងទារុណកម្ម និងរំលោភសេពសន្ថវៈនោះមានអាយុ៦៧ឆ្នាំ ។
ប្រភពពីក្រុមគ្រួសារឱ្យដឹងទៀតថា នៅព្រឹកថ្ងៃទី២៦ តុលា នេះ កូនប្រុសញៀនថ្នាំរូបនោះបានរករឿងវាយធ្វើបាបម្តាយ ដោយឃើញដូចនេះ កូនប្រុសច្បងដែលមានលំនៅទល់មុខគ្នាបានយកម្តាយទៅនៅជាមួយ ហើយកូនអកត្តញូរូបនោះបានទៅរករឿង ជេរប្រមាថម្តាយ និងនិយាយថា «ផ្ទះមានមិននៅ ទៅនៅផ្ទះគេ» ។ ដោយទ្រាំមិនបាន បងប្រុសរូមម្តាយក៏បានប្តឹងសមត្ថកិច្ចឱ្យចាប់ខ្លួនតែម្តង ៕