សម្តេចតេជោ​ អញ្ជើញ​គោរពវិញ្ញាណ​ក្ខន្ធ​ ​ព្រះបាទ ភូមិបុល អាឌុលយ៉ាដេត ​នៅ​ស្ថានទូត​ថៃ​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (១៧ តុលា ២០១៦) ៖ នា​ព្រឹក​ថ្ងៃទី១៧ ខែតុលា នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា ​ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាល អញ្ជើញចូលគោរពវិញ្ញាណក្ខន្ធ ព្រះ​ករុណា ​ព្រះបាទ ភូមិបុល អាឌុលយ៉ាដេត ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រថៃឡង់ដ៍ នៅស្ថានទូតថៃ ប្រចាំព្រះ​រាជា​ណាច​ក្រកម្ពុជា ។

នៅក្នុងការអញ្ជើញចូលរួមពិធីដ៏ក្រៀមក្រំនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញដាក់កម្រផ្កា និង​បាន​បង្ហាញ​ការ​ចូល​រួម​រំលែកទុក្ខ តាមរយៈសារលិខិតថា «តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមសម្ដែងនូវសមានចិត្ត យ៉ាង​ជ្រាល​ជ្រៅ ​និងការចូលរួមរំលែកទុក្ខ យ៉ាងក្រៀមក្រំបំផុត ថ្វាយព្រះមហាក្សត្រិយានី និងព្រះរាជវង្សានុវង្ស ក៏ដូចជាជូនរដ្ឋាភិបាល និងប្រជាជន នៃព្រះរាជាណាចក្រថៃ ចំពោះការសោយ ព្រះទិវង្គត របស់ព្រះករុណា ព្រះបាទ ភូមិបុល អាឌុលយ៉ាដេត ព្រះមហាក្សត្រជាទីគោរពស្រឡាញ់ នៃប្រទេសថៃ និងជាព្រះមហាក្សត្រ ដែលបានគ្រងរាជសម្បត្តិយូរបំផុតក្នុងពិភពលោក កាលពីថ្ងៃទី ១៣ ខែ តុលា ឆ្នាំ ២០១៦»។

សារលិខិតរំលែកទុក្ខរបស់សម្តេចតេជោ បានបន្តថា «ការសោយព្រះទិវង្គត របស់ព្រះអង្គ គឺជាការបាត់បង់ដ៏ធំធេង របស់​ប្រជា​ជន និងប្រទេសថៃ ក៏ដូចជាសម្រាប់មិត្តភក្ដិទាំងអស់ លើពិភពលោក។ សូមជូនដួងព្រះវិញ្ញាណក្ខន្ធ របស់​ព្រះ​អង្គ​បាន​យាង​ទៅ​កាន់​សុគតិភព ជារៀងរហូត។

សូមរំឭកថា ព្រះករុណា ព្រះបាទ ភូមិបុល អាឌុលយ៉ាដេត ព្រះមហាក្សត្រនៃព្រះរាជាណាចក្រថៃឡង់ដ៍ ជា​ស្តេច​ដែល​គ្រង​រាជ្យ​បានយូរជាងគេបំផុត នៅលើពិភពលោក បានសោយទិវង្គត កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦កន្លងទៅនេះ ក្នុង​ព្រះ​ជន្មាយុ​៨៨ព្រះវស្សា នៅមន្ទីរពេទ្យមួយ នាទីក្រុងបាងកក ដោយរោគាពាធ៕

1

2

Related Articles

Back to top button
Close
Close