ថៃកាន់ទុក្ខទូទាំងប្រទេសរយៈពេល១ឆ្នាំ
សារព័ត៌មាន Cambodia News/
ថៃ (១៤ តុលា ២០១៦) ៖ បន្ទាប់ពីព្រះមហាក្សត្រថៃ ព្រះអង្គ ភូមិបុល អាប់ឌុលយ៉ាដេត បានយាងចូលទិវង្គត់ នៅវេលារសៀលថ្ងៃ១៣ តុលា ២០១៦ នេះ លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា បានធ្វើការប្រកាសថា នឹងមានការកាន់ទុក្ខរយៈពេល១ឆ្នាំពេញនៅទូទាំងប្រទេស ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានថៃនាយប់ថ្ងៃទី១៣ តុលា ។
លោកប្រាយុទ្ធ ចាន់ទអូឆា នាយករដ្ឋមន្ត្រីថៃ បានប្រកាសទៀតថា បុត្រា Maha Vajiralongkorn របស់ព្រះមហាក្សត្រ Bhumibol Adulyadej នឹងឡើងគ្រងរាជបន្ត នេះបើយោតាមរដ្ឋធម្មនុញ្ញរបស់ថៃ ដែលយោងតាមសារព័ត៌មានរបស់ AP និងសារព័ត៌មាន BBC ចេញផ្សាយ ។
គួររំលឹកថា ព្រះមហាក្សត្រថៃ ព្រះបាទភូមិបុល អាប់ឌុលយ៉ាដេត បានសោយទិវង្គត់ពិតប្រាកដ នាវេលាម៉ោង០៣ និង៥២នាទីរសៀលថ្ងៃនេះ ។
បើតាមរបាយការណ៍ពីការិយាល័យរាជវាំង បានឲ្យដឹងកាលពីយប់ថ្ងៃទី១២ តុលា ថា ព្រះអង្គ Bhumibol Adulyadej ដែលមានព្រះជន្ម៨៨ព្រះវស្សា កំពុងស្ថិតស្ថានភាពគ្មានលំនឹងនៅឡើយ ដោយសម្ពាធឈាមរបស់ព្រះអង្គ បន្តធា្លក់ចុះនៅថ្ងៃអង្គារនេះ, ជីពចររបស់ព្រះអង្គដើរកាន់តែលឿនជាងមុន ហើយឈាមរបស់ព្រះអង្គ មានជាតិអាស៊ីតកាន់តែច្រើនឡើង។ ព្រះកាយរបស់ព្រះអង្គមានផ្ទុកវីរ៉ុស ហើយមុខងារថ្លើមរបស់ព្រះអង្គ មិនមានភាពប្រក្រតីនោះទេ ៕