​តំណាង​​បណ្ដាញ​​ផ្សព្វ​ផ្សាយ​​ជាង​​ ២០​​ស្ថាប័ន​​​ស្នើ​សុំ​​ឲ្យ​​រដ្ឋ​មន្ត្រី​ក្រសួង​​ព័ត៌​មាន​​ចាត់​ការ​​អាចារ្យ​​អេ

សារព័ត៌មាន​​ Cambodia News/
ភ្នំពេញ​ (២៧ កញ្ញា ២០១៦) ៖ កាល​ពី​ថ្ងៃ​ទី​២៦ កញ្ញា តំណាង​បណ្ដាញ​ផ្សព្វផ្សាយ​ជាង ២០ ស្ថាប័ន​នៅ​កម្ពុជា​បាន​ជួបប្រជុំគ្នា​​ស្នើសុំ​ឲ្យ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ចាត់វិធានការ​បន្ទាន់​ចំពោះ​ថ្នាក់ដឹកនាំ និង​បុគ្គលិក​វិទ្យុ ABC ១០៧.៥ Mhz កុំ​ឲ្យ​ប្រើពាក្យ​សម្ដី​អសុរោះ​ការចោទប្រកាន់​មួលបង្កាច់​មកលើ​អ្នកសារព័ត៌មាន និង​មន្ត្រី​សាធារណៈ​ដោយ​គ្មាន​មូលដ្ឋាន​។​

នៅក្នុង​លិខិត​ដែល​ចេញ​ដោយ​ក្រុម​អ្នកសារព័ត៌មាន​ បាន​ថ្លែងថា​លោក សេង ប៊ុន​វេ​ង ហៅ អាចារ្យ​អេ ប្រធាន​វិទ្យុ ABC ១០៧.5 Mhz និង​សហការី​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​មួលបង្កាច់ និង​ចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​លើ​មន្ត្រី​ក្នុង​ស្ថាប័ន​សាធារណៈ​ជា​បន្តបន្ទាប់​ហើយ​ចុងក្រោយ​វិទ្យុ​នេះ​បាន​ហៅ និង​បន្ត​ហៅ​អ្នកកាសែត​ថា​ជា​កាសែត​ចោរ​ដែល​បង្កើត​បរិយាកាស​អាប់អួ និង​យល់ច្រឡំ​គ្នា​។​
ក្នុង​លិខិត​នោះបាន​សូម​ឲ្យ​វិទ្យុ​នេះ បញ្ឈប់​ការអត្ថាធិប្បាយ​ចោទប្រកាន់​ប្រមាថ​មាក់ងាយ និង​បញ្ចេញ​ទស្សនៈ​ជា​បុគ្គល​ប៉ាតណាប៉ាតណី​ដោយ​គ្មាន​ប្រភព គ្មាន​សីលធម៌ និង​គ្មាន​ភ័ស្ដុតាង​ហើយ​បាន​សុំ​ឲ្យ អាចារ្យ​អេ ត្រូវ​ចេញមុខ​បំភ្លឺ​ពាក្យពេចន៍​ដែល​គាត់​បាន​ប្រើ និង​ត្រូវការ​សុំទោស​ជា​សាធារណៈ​ដើម្បី​បង្កើត​បរិយាកាស​យោគយល់​គ្នា និង​លើកកម្ពស់​សេចក្ដីថ្លៃថ្នូរ​របស់​ប្រជាជន​កម្ពុជា​។​
លិខិត​ថ្លែងថា “​កន្លងមក​និង​ថ្មីៗ​មកនេះ​ដែល​លោក អាចារ្យ​អេ បាន​និយាយ​ជា​សាធារណៈ​តាម​វិទ្យុ ABC ដោយ​ប្រមាថ​មន្ត្រី​សាធារណៈ ស្ត្រី និង​អ្នកសារព័ត៌មាន​គឺមាន​ដូចជា​ករណី​វិវាទ​ជាមួយ​មន្ត្រី​សុខាភិបាល​បាន​ហៅ​ពេទ្យ​ថា​៖ «​ពេទ្យ​តិរច្ឆាន​»​។ និយាយ​ឲ្យ​នារី​បម្រើភ្ញៀវ​នៅតាម​រង្គសាល​ខារ៉ាអូខេ​ទៅធ្វើជា​៖ «​ស្រីសំផឹង​»​។ ករណី​ប៉ះ​ជាមួយ​មន្ត្រីនគរបាល​ម្នាក់​ក៏បាន​ចោទថា​៖ «​ក្រសួងមហាផ្ទៃ​ចិញ្ចឹម​ពួក ម៉ាហ្វីយ៉ា​»​។ និង​បាន​ហៅ​អ្នក កាសែត ថា «​កាសែត​ចោរ​»​។​”
លិខិត​នោះ​បន្តថា “​យើងខ្ញុំ​ទាំងអស់គ្នា​សូម​គាំទ្រ​នូវ​បំណង​ក្នុងការ​លើកកម្ពស់​សីល​ធម៌​វិជ្ជាជីវៈ និង​ជួយ​កែលម្អ​ចំណុច​ខ្វះខាត​ក្នុង​វិស័យ​សារព័ត៌​មាននៅ​កម្ពុជា​”៕
1

Related Articles

Back to top button
Close
Close