ព្យុះទីហ្វុង Malakas បណ្ដាលឲ្យទឹកលិចភាគខាងត្បូងប្រទេសជប៉ុន
សារព័ត៌មាន Cambodia News/
ជប៉ុន (២១ កញ្ញា ២០១៦) ៖ ព្យុះទីហ្វុងដែលមានអនុភាពមួយបានវាយប្រហារចូលទៅកាន់ភាគខាងត្បូងប្រទេសជប៉ុនកាលពីថ្ងៃអង្គារដែលបានបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំងលើតំបន់ដែលសហគមន៍មួយមួយចំនួនបានលិចទឹក និងបានបង្ខំឲ្យជើងហោះហើររាប់សិបជើងត្រូវលុបចោលផងដែរ ។
ទីភ្នាក់ងារឧតុនិយមជប៉ុនបាននិយាយថា ព្យុះទីហ្វុង Malakas បានធ្វើឲ្យបាក់ដីនៅ ភាគខាងត្បូងនៃកោះ Kyushu ក្នុងរយៈពេលយ៉ាងខ្លី បន្ទាប់ពីមានល្បឿនខ្យល់បោកបក់ ១៨០គីឡូម៉ែត្រក្នុងមួយម៉ោង ។
រូបភាពពីទូរទស្សន៍ NHK បានបង្ហាញថា លំនៅដ្ឋាន រថយន្ត និងវាលស្រែមួយផ្នែកបានគ្របដណ្ដប់ដោយទឹកភក់ក្នុងខេត្ត Miyazaki ជាកន្លែងដែលមានភ្លៀងធ្លាក់ជាប្រវត្តិសាស្ត្រ ៥៧៨មីលីម៉ែត្រមកលើទីក្រុងមួយក្នុងរយៈពេលត្រឹមតែ ២៤ម៉ោងប៉ុណ្ណោះ ។
សេចក្ដីរាយការណ៍បានឲ្យដឹងថា ស្ត្រីម្នាក់ដែលមានវ័យ៣០ឆ្នាំគឺត្រូវបានរងរបួសស្រាលនៅពេលដែលខ្យល់បក់ខ្លាំងបានបំបែកបង្អួចនៅផ្ទះរបស់នាង និងមនុស្សចំនួនប្រាំមួយនាក់ត្រូវបានសង្គ្រោះចេញពីផ្ទះដែលលិចទឹករបស់ពួកគេដោយទូក ប៉ុន្តែមិនមានអ្នករងរបួសរបួសធ្ងន់ធ្ងរ ឬស្លាប់ឡើយ ។
បើយោងតាមទូរទស្សន៍ NHK បានរាយការណ៍ឲ្យដឹងថា ជើងហោះហើរ ១០៦ជើងត្រូវបានលុបចោលដោយសារតែខ្យល់ខ្លាំង ខណៈដែលព្យុះទីហ្វុងបានផ្លាស់ប្ដូរទិសដៅពីភាគឦសានឆ្ពោះទៅរកទីក្រុងតូក្យូ ។ ស្របពេលជាមួយគ្នានោះមន្ត្រីក៏បានព្រមានការកើនឡើងនៃកម្រិតសមុទ្រឡើងខ្ពស់ ការរអិលបាក់ដី និងទឹកជំនន់កាន់តែច្រើនដែលអាចកើតមាន ។
យ៉ាងហោចណាស់មនុស្ស ១៧នាក់បានស្លាប់កាលពីដើមខែនេះនៅពេលដែលព្យុះទីហ្វុង Lionrock បានបោកបក់ចូលទៅក្នុងប្រទេសនេះ ។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៣ព្យុះទីហ្វុងដែលមានឥទ្ធិពលមួយបានបង្កឲ្យមានការរអិលបាក់ដីនៅលើកោះ Oshima ដែលបានសម្លាប់មនុស្ស ៤០នាក់ ខណៈដែលមនុស្ស ៨២នាក់បានស្លាប់ បន្ទាប់ពីព្យុះទីហ្វុងមួយបានវាយប្រហារប្រទេសជប៉ុនកាលពីឆ្នាំ២០១១៕