៦នាក់បានស្លាប់ និងមួយចំនួនទៀត បាត់ខ្លួនដោយសារជំនន់ទឹកភ្លៀងនៅចិន
សារព័ត៌មាន Cambodia News/
ចិន (២០ កញ្ញា ២០១៦) ៖ មន្ត្រីអាជ្ញាធរបាននិយាយថា គិតត្រឹមថ្ងៃចន្ទម្សិលមិញនេះមនុស្សចំនួន៦នាក់បាត់បង់ជីវិតនិងចំនួន១០នាក់ទៀតកំពុងបាត់ខ្លួននៅឡើយដោយសារព្យុះភ្លៀងបានកើតមានជាបន្តបន្ទាប់នៅក្នុងទីក្រុងផានហ្ស៊ីហួ (Panzhihua) នៅក្នុងខេត្តស៊ីឈាន់នៅភាគនិរតីនៃប្រទេសចិន។
ការធ្លាក់ភ្លៀងខ្លាំងនេះក៏បានធ្វើឲ្យមានការបាក់ស្រុតដីនៅក្នុងទីក្រុងនេះដោយធ្វើឲ្យប្រជាពលរដ្ឋមូលដ្ឋានជាច្រើននាក់បានជាប់គាំងនៅក្នុងផ្ទះសម្បែងរបស់ពួកគាត់ផងដែរ។
យោងតាមទីភ្នាក់ងារឧតុនិយមមូលដ្ឋាននៅប្រទេសចិនបានរាយការណ៍ថា ការធ្លាក់ភ្លៀងខ្លាំងនេះបានធ្វើឲ្យតំបន់ចំនួន៤៨កន្លែងរងការជន់លិចជម្រៅជាអតិបរមាជាង២៥២មីលីម៉ែត្រនៅក្នុងទីក្រុងផានហ្ស៊ីហួនេះគិតត្រឹមពីយប់ថ្ងៃសៅរ៍រហូតដល់ព្រឹកថ្ងៃចន្ទម្សិលមិញនេះ។
ហើយរហូតមកដល់ពេលនេះក្រុមអ្នកជួយសង្គ្រោះកំពុងធ្វើប្រតិបត្តិការស្វែងរកអ្នកកំពុងបាត់ខ្លួននៅក្នុងទីក្រុងនេះជាបន្តទៀតនៅឡើយ៕