អាជ្ញាធរជាតិអប្សរាពង្រឹងសុវត្ថិភាពដល់ភ្ញៀវទេសចរទៅទស្សនាថ្ងៃរះចំកណ្តាលប្រាសាទអង្គរវត្ត
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២០ កញ្ញា ២០១៦) ៖ អាជ្ងាធរជាតិអប្សរានឹងរៀបចំសណ្តាប់ធ្នាប់បន្ថែមទៀតនៅក្នុងព្រឹត្តិការណ៍ថ្ងៃរះចំពីលើកំពូលប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្ត នាថ្ងៃទី២៣ កញ្ញា ២០១៦ ដោយដាក់ខ្សែដើរទស្សនា ហើយនឹងបន្ថែមកម្លាំងភ្នាក់ងារទេសចរណ៍ឲ្យបានច្រើន ដើម្បីអាចរៀបចសណ្តាប់ធ្នាប់ និងការពារប្រាសាទពីការឡើងជាន់ ឬអង្គុយលើបង្កាន់ដៃនាគជាដើម។
នេះបើយោងតាមការបង្ហាញឲ្យដឹង ពីគេហទំព័រអាជ្ងាធរជាតិអប្សរា។
ប្រភពដដែលបានបញ្ជាក់ថា ការបង្ហោះយន្តហោះដើម្បីផ្តិតរូបភាពពីលើអាកាស(Drone) នឹងត្រូវហាមឃាត់ព្រោះតែមានសំលេង វាអាចធ្វើឲ្យរំខានដល់អ្នកទស្សនា នឹងបញ្ចៀសការធ្លាក់ឬការរំខានណាមួយដែលអាចកើតឡើងដោយចៃដន្យ។
សូមបញ្ចាក់ថា នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦នេះ ព្រះអាទិត្យនឹងរះចំពីលើកំពូលកណ្តាលនៃប្រាសាទអង្គរវត្ត ចាប់ពីម៉ោង៥ទៅម៉ោង៦ព្រឹក។ ព្រឹត្តិការណ៍នេះ តែងកើតមានឡើងជាទៀងទាត់ក្នុងមួយឆ្នាំពីរដងនៅពេលដែលយប់ និងថ្ងៃមានរយៈពេលស្មើគ្នា គឺ នៅថ្ងៃទី២០-២១ខែមីនា និងថ្ងៃទី២១-២២ ខែកញ្ញា។
សម្រាប់ខែកញ្ញា ឆ្នាំ២០១៦នេះ ដោយសារសមរាត្រីនឹងត្រូវកើតមានឡើងនៅម៉ោង៩និង២១នាទីយប់ថ្ងៃទី២២ខែកញ្ញា ដូច្នេះ គេអាចទស្សនាព្រះអាទិត្យរះចំពីលើកំពូលប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្តនៅព្រឹកថ្ងៃទី២៣ខែកញ្ញា៕