ឥណ្ឌូនេស៊ីសង់ជញ្ជាំងសមុទ្រយក្សឡើងវិញការពារក្រុងហ្សាការតាមិនឲ្យលិច
សារព័ត៌មាន Cambodia News/
ឥណ្ឌូនេស៊ី (១៥ កញ្ញា ២០១៦) ៖ រដ្ឋមន្ត្រីម្នាក់បាននិយាយថា ប្រទេសឥណ្ឌូនេស៊ីនឹងបន្តការរានដីឡើងវិញដែលនឹងជួយការពារទីក្រុងហ្សាការតាពីការលិចក្រោមនីវ៉ូទឹកសមុទ្រ។ នេះជាការលើកឡើងមួយបន្ទាប់ពីការងារត្រូវបានផ្អាកកាលពីប្រាំខែមុនដោយសារតែក្តីបារម្ភពីបញ្ហាបទប្បញ្ញត្តិនិងបរិស្ថាន។
ក្រុងហ្សាការតាបានផ្តោតការយកចិត្តទុកដាក់លើការពង្រឹងការការពាររបស់ខ្លួនជាមួយនឹងជញ្ជាំងសមុទ្រប្រវែង១៥ម៉ាយនិងជួសជុលប្រព័ន្ធប្រឡាយទឹកដែលបាក់បែក។
រដ្ឋាភិបាលបានសម្រេចចិត្តកាលពីល្ងាចថ្ងៃអង្គារឲ្យអនុញ្ញាតធ្វើការដើម្បីបន្តដំណាក់កាលដ៏សំខាន់មួយនៃ “ជញ្ជាំងសមុទ្រយក្ស” ដែលមានគោលបំណងដើម្បីពង្រឹងភាគខាងជើងនៃទីក្រុងហ្សាការតាខណៈកែលម្អរូបភាពរបស់ទីក្រុងនេះឲ្យទៅជាទីក្រុងមាត់ទឹកដូចប្រទេសសិង្ហបុរី។
រដ្ឋមន្ត្រីក្រសួងសម្របសម្រួលដែនសមុទ្រលោក Luhut Pandjaitan ប្រាប់អ្នកកាសែតកាលពីថ្ងៃអង្គារថា “ប្រសិនបើជញ្ជាំងសមុទ្រយក្សនេះមិនត្រូវបានធ្វើឲ្យហើយទេនោះ វានឹងបង្កើតផលប៉ះពាល់ដ៏ធំលើទីក្រុងហ្សាការតាដែលទាក់ទងទៅនឹងការជ្រៀតចូលទឹកប្រៃ”៕