សម្តេច​តេជោ ផ្តល់​អគារ​សិក្សា​ថ្មី១​ខ្នង​ ​ជូន​ដល់​វិទ្យា​ល័យ ​ប៊ុន ​រ៉ានី ​ហ៊ុន ​សែន ​ក្តុល​

សារព័ត៌មាន​ Cambodia News/

ត្បូងឃ្មុំ (១៤ កញ្ញា ២០១៦)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦នេះ ក្នុងដំណើរមកពីរាជធានីភ្នំពេញ មកកាន់ខេត្តមណ្ឌលគីរី និង រតនគីរី ដើម្បីជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងដើម្បីពិនិត្យមើលសមិទ្ឋផល និងតម្រូវការផ្សេងៗនោះ សម្តេចតេជោបានអញ្ជើញចូលជួបសំណេះសំណាល ជាមួយក្មួយៗ សិស្សានុសិស្ស នៃ វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ក្តុល ស្ថិតក្នុងភូមិក្តុលផ្សារ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

 

ដោយមើលឃើញពីតម្រូវការ និងការខ្វះខាតអាគារសំរាប់ ក្មួយៗសិស្សានុសិស្សនិងលោកគ្រូ អ្នកគ្រូ នៃវិទ្យាល័យនេះ សម្តេចតេជោ និងសប្បុរសជនបានសម្រេចចិត្ត ផ្តល់ជូននូវអាគារសិក្សាថ្មី១ ខ្នង២ជាន់ ស្មើនឹង១២បន្ទប់ និងអាគារស្នាក់នៅគ្រូ១ខ្នង ២ជាន់ ស្មើនឹង ១០ បន្ទប់ ដើម្បីបណ្តុះបណ្តាលធនធានមនុស្សនៅទីនេះ។

 

សម្ដេចតេជោ ហ៊ុន សែន តែងតែយកចិត្តទុកដាក់លើវិស័យអប់រំ ការបណ្ដុះបណ្ដាលធនធានមនុស្ស ពិសេសគឺមិនអោយក្មួយៗ ចៅៗ ខ្វះសាលារៀនសិក្សាឡើយ។

សូមជម្រាបថា ក្នុងដំណើរតាមរថយន្ត នាព្រឹកមិញនេះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានចូលមើលផ្នូរ កូនប្រុសរបស់សម្តេច ដែលបានស្លាប់ក្នុងជំនាន់សង្គ្រាមផងដែរ ដែលបានបញ្ចុះនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

 

នៅក្នុងហ្វេសប៊ុករបស់សម្តេចតេជោ ដែលបានបង្ហោះនាព្រឹកនេះ បានបង្ហាញនូវសារឈឺចាប់ ដោយសម្តេចបានលើកឡើងថា«កំសត់កូនប្រុសពុក បានមកមើលកូនហើយ។ មកដល់ទីនេះពុកនឹកឃើញរឿងឈឺចាប់ ដែលពុកនិងម៉ែកូនទទួលរងនូវការឈឺចាប់ ដែលមិនអាចបំភ្លេចបាន កាលពីថ្ងៃ១០ វិច្ឆិកា ១៩៧៦។ កូនអត់ទោសឱយពុកដែលមិនបានយកសពកូនទៅបញ្ចុះដោយខ្លូនឯង អាស្រ័យពេលនោះស្ថានភាពពុក អន់ជាងសត្វទៅទៀត។ សត្វវាចេះថែទាំកូន វាតែពុកមិនមានលទ្ធភាពទេកូន»។

ហ្វេសប៊ុករបស់សម្តេចបានបន្ថែមថា ការអត់ធ្មត់របស់ពុកនាពេលនោះ ទើបពុកបង្កើតបាននូវស្ថានភាព ដូចនៅពេលនេះ សំរាប់ជាតិនិងប្រជាជនកម្ពុជាទាំងមូល៕

1

Related Articles

Back to top button
Close
Close