សម្តេចតេជោ ចាប់ផ្តើមដំណើរសំណោះសំណាលប្រជាពលរដ្ឋនៅភាគឦសាន
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៤ កញ្ញា ២០១៦) ៖ សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃ១៤កញ្ញានេះកំពុងចេញដំណើរពីរាជធានីភ្នំពេញទៅកាន់ បណ្តាខេត្តភាគឦសាន ដើម្បីជួបសំណេះសំណាល សួរសុខទុក្ខមន្ត្រីរាជការ អាជីវករ កងកម្លាំងប្រដាប់អាវុធនិងប្រជាពលរដ្ឋ ព្រមទាំងពិនិត្យមើលសមិទ្ធិផលនានានៅតាមខេត្តភូមិភាគឦសាន គឺខេត្តមណ្ឌលគិរី និងរតនគិរី ។
តាមរយៈហ្វេសប៊ុក សម្តេចបានសរសេរថា”នៅពេលនេះខ្ញុំកំពុងធ្វើដំណើរចេញពីរាជធានីភ្នំពេញ ឆ្ពោះមកកាន់ខេត្តមណ្ឌលគីរីនិងរតនគីរី ដើម្បីពិនិត្យមើលសមិទ្ឋផលជាតិ និងជួបសួរសុខទុក្ខមន្ត្រីរាជការ កូនក្មួយសិស្សានុសិស្ស ព្រមទាំងពិនិត្យនិងដោះស្រាយបញ្ហាប្រឈមមួយចំនួនដល់ប្រជាពលរដ្ឋយើង ។ដំណើរលើកនេះមានចម្ងាយផ្លូវជាង១០០០គីឡូម៉ែត្រ។
ខ្ញុំ សូមអធ្យាស្រ័យទុកជាមុន ប្រសិនបើខ្ញុំមិនបានចុះជួបបងប្អូនបានគ្រប់ៗគ្នា។ សូមជូនពរជនរួមជាតិជួបតែសំណាងល្អគ្រប់ពេល”។
តាមការគ្រោងទុក ដំណើរចុះមូលដ្ឋាននេះ នឹងធ្វើឡើងរយៈពេល ៣ថ្ងៃ ហើយនៅថ្ងៃទី១៥ ខែកញ្ញា ខាងមុខនេះ សម្ដេចតេជោនឹងអញ្ជើញសំណេះសំណាល ជាមួយមន្ដ្រីរាជការនៅខេត្តមណ្ឌលគិរី លុះដល់ពេលរសៀលថ្ងៃដដែល សម្ដេចតេជោ បន្ដទៅខេត្តរតនៈគិរី។បន្ថែមពីនេះនៅព្រឹកថ្ងៃទី១៦ ខែកញ្ញា សម្ដេចតេជោ នឹងបន្ដសំណេះសំណាលជាមួយមន្ដ្រីរាជការ ក្នុងខេត្តរតនៈគិរី ហើយនៅថ្ងៃទី១៧សម្ដេចតេជោ អញ្ជើញមករាជធានីភ្នំពេញវិញ៕