កូរ៉េខាងជើងប្រកាសថា ខ្លួនបាញ់ក្បាលគ្រាប់នុយក្លេអ៊ែរទី៥បានជោគជ័យ
សារព័ត៌មាន Cambodia News/
កូរ៉េខាង (០៩ កញ្ញា ២០១៦) ៖ កូរ៉េខាងជើង នៅថ្ងៃសុក្រទី ៩ កញ្ញានេះ បានប្រកាសថាខ្លួនជោគជ័យលើការបាញ់ក្បាលគ្រាប់នុយក្លេអ៊ែរ ជោគជ័យនេះសំដៅលើការសាកល្បងនុយក្លេអ៊ែរលើកទី៥របស់កូរ៉េខាងជើង ដែលជាការបំពានបំរាមរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
សេចក្តីថ្លែងការមួយរបស់វិទ្យាស្ថានអាវុធនុយក្លេអ៊ែររបស់ កូរ៉េខាងជើងបានចេញផ្សាយថា ការសាកល្បងនៅថ្ងៃសុក្រនេះបានពិនិត្យនិងបញ្ជាក់អំពីភាពរីកចម្រើន នៃការផលិតក្បាលគ្រាប់នុយក្លេអ៊ែរថ្មី ដែលជាគ្រាប់ផ្លោងយុទ្ធសាស្ត្រនៃអង្គភាពកាំភ្លើងធំ Hwasong របស់កងទ័ពកូរ៉េខាងជើង។ ការសាកល្បងនុយក្លេអ៊ែរជាថ្មីនេះ ស្របពេលនឹងឱកាសខួបអនុស្សាវរីយ៍លើកទី៦៨នៃការបង្កើតកូរ៉េខាងជើង។
ប្រភពបញ្ជាក់ថា ការសាកល្បងនេះគ្មានការលេចចេញនូវវិទ្យុសកម្ម ឬអ្វីប៉ះពាល់បរិស្ថានទេ ប៉ុន្តែ កូរ៉េខាងជើង ត្រូវបានគេសង្ស័យថា បានធ្វើតេស្តសាកល្បងគ្រាប់បែកនុយក្លេអ៊ែរ លើកទី៥ របស់ខ្លួន ខណៈមានការរញ្ជួយដី កម្រិត ៥,៣ វ៉ិចទ័រ នៅក្បែរកន្លែងធ្វើតេស្តរបស់ប្រទេសនេះ៕