ទិវាអក្ខរកម្មជាតិ និងអន្តរជាតិ ថ្ងៃទី៨ ខែកញ្ញា “អានអតីតកាល សរសេរពីអនាគត”
ដោយ ឯកឧត្តមបណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា
លោកស្រី អាន ឡឺមែត្រ តំណាងអង្គការយូណេស្កូប្រចាំប្រទេសកម្ពុជា
ឆ្នាំនេះគឺជាឆ្នាំទី៥០នៃទិវាអក្ខរកម្មអន្តរជាតិ ដែលបានប្រារព្វធ្វើនៅជុំវិញពិភពលោក សម្រាប់លើកកម្ពស់តម្លៃអក្ខរកម្មដែលជាមូលដ្ឋានគ្រឹះមួយនៃសិទ្ធមនុស្ស និងសេចក្តីថ្លៃថ្នូរ។ អក្ខរកម្មមានសារៈសំខាន់ណាស់សម្រាប់ការកាត់បន្ថយភាពក្រីក្រ សមភាពយ៉េនឌ័រ បរិយាប័ន្ន និងសង្គមប្រកបដោយនិរន្តរភាព ។
អក្ខរកម្មគឺមិនមែនគ្រាន់តែជាសមត្ថភាពក្នុងអាន សរសេរ និងការគិតលេខងាយៗនោះទេ ។ វាជាការប្រើប្រាស់នូវរាល់សមត្ថភាពទាំងអស់ក្នុងការធ្វើឲ្យប្រសើរឡើងនូវគុណភាពនៃជីវិតរស់នៅរបស់ខ្លួនឯងនិងអ្នកដ៏ទៃនៅជុំវិញខ្លួន ។ អក្ខរកម្ម ជួយឳ្យយើងយល់ច្បាស់លាស់និងធ្វើទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព ឳ្យរស់នៅមានសន្តិភាពជាមួយអ្នកដ៏ទៃ ឲ្យចេះគិតពិចារ ណានិងចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមនិងប្រទេសជាតិ ។
ប្រធានបទទិវាអក្ខរកម្មអន្តរជាតិឆ្នាំនេះគឺ “អានអតីកាល សរសេរពីអនាគត” បានភ្ជាប់កិច្ចខិតខំប្រឹងប្រែងទាំងឡាយនៃការអប់រំសម្រាប់ទាំងអស់គ្នាចាប់តាំងពីឆ្នាំ២០០០ដល់២០១៥មក ជាមួយនឹងការសន្យានានានៅក្នុងរបៀបវារៈនៃគោលដៅអភិវឌ្ឍប្រកបដោយចិរភាពនៅឆ្នាំ២០៣០ ។ យោងតាមរបាយការណ៏វិទ្យាស្ថានស្ថិតិរបស់អង្គការយូណេស្កូឆ្នាំ២០១៥បានបង្ហាញថានៅលើពិភពលោកមានកុមារនិងយុវជនវ័យក្មេងនៅក្រៅសាលាអាយុពី៦ទៅ១៥ឆ្នាំប្រហែល១២៤លាននាក់រាប់បញ្ចូលទាំងកុមារចំនួន២៥លាននាក់ដែលមិនបានចុះឈ្មោះចូលរៀននៅក្នុងសាលាបឋមសិក្សាក្នុងឆ្នាំ២០១៣ ។ របាយការណ៏ត្រួតពិនិត្យតាមដានជាសកលឆ្នាំ២០១៥ក៏បានបង្ហាញឳ្យដឹងដែរថាក្នុងអំលុងពេលពីឆ្នាំ ២០០៥ដល់២០១៤ មានជនពេញវ័យប្រហែល៧៥៨លាននាក់ (ច្រើនជាង៦០%ជាស្រ្តី) គឺជាអ្នកមិនចេះអក្សរ ។
និយាយម្យ៉ាងទៀតថាក្នុងចំណោមជនពេញវ័យ៦នាក់មានម្នាក់គឺជាអ្នកមិនចេះអក្សរនៅក្នុងពិភពលោកសព្វថ្ងៃនេះ។ យើងដឹងហើយថាអក្ខរកម្មមានន័យស្រដៀងគ្នាទៅនឹងភាពឯកកោនិងក្រីក្រ ។ ដូចនេះទិវាអក្ខរកម្មអន្តរជាតិពញ្ញាក់ស្មារតីយើងទាំងអស់គ្នាឲ្យយនឹកឃើញនូវរាល់បញ្ហាប្រឈមសព្វថ្ងៃនិងជម្រុញលើកទឹកចិត្តឲ្យយើងខិតខំស្វែងរកដំណោះស្រាយថ្មីៗដើម្បីជម្រុញការងារអក្ខរកម្មឳ្យកាន់តែប្រសើរឡើងថែមទៀតនាពេលអនាគត ។
ទោះបីជាមានការីកចម្រើនគួរឲ្យកត់សម្គាល់ទៅលើផ្នែកសេវាអប់រំនិងការកែលម្អគុណភាពអប់រំនៅទសវត្យចុងក្រោយនេះយ៉ាងណាក៍ដោយ ក៍បញ្ហាប្រឈមជាច្រើននៅតែកើតមាននៅក្នុងប្រទេសកម្ពុជា។ ជាឧទាហរណ៍៖ របាយការណ៍សន្និបាតអប់រំឆ្នាំ២០១៦បានបង្ហាញពីបញ្ហាប្រឈមដែលពិបាកដោះស្រាយនៃចំនួនកុមារដែលគ្រប់អាយុត្រូវចុះឈ្មោះចូលរៀននៅថ្នាក់ទី១ ការកើនឡើងនៃអត្រាត្រួតថ្នាក់នៅបឋមសិក្សា និងអត្រាចុះឈ្មោះចូលរៀនទាប និងអត្រាបោះបង់ខ្ពស់នៅកម្រិតមធ្យមសិក្សាបឋមភូមិ ។ ក្នុងនោះការបោះបង់ការសិក្សាគឺជាកង្វល់ដ៍ចំបងជាគេ បើតាមបទពិសោធន៍ជាអន្តរជាតិបានឳ្យដឹងថា៖អ្នកបោះបង់ការសិក្សានៅកម្រិតបឋមសិក្សាច្រើនតែចាកចេញពីសាលារៀនដោយគ្មានចំនេះដឹងអក្ខរកម្ម ការអាន សរសេរ និងការគិតលេខងាយៗនៅឡើយ ។ ដូចដែលសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងនៅក្នុងអំលុងពេលធ្វើពិធីផ្សព្វផ្សាយយុទ្ធនាការអក្ខរកម្មជាតិឆ្នាំ២០១៥កន្លងមកថា៖ “ចំណេះដឹងអក្ខរកម្មបើសិនជាមិនបានប្រតិបត្តិវាទេវានឹងត្រូវបាត់បង់ទៅវិញជាមិនខាន” ។ ដូច្នេះប្រសិនបើអ្នកបោះបង់ការសិក្សាទាំងអស់នោះមិនបានអនុវត្តការអាននិងសរសេរឬគិតលេខងាយៗនោះទេពួកគេនឹងងាយបាត់បង់បំនិនទាំងអស់នោះហើយនឹងងាយធ្លាក់ខ្លួនចូលទៅក្នុងក្រុមអ្នកមិនចេះអក្សរជាមិនខាន ។
ឆ្លើយបតទៅនឹងបញ្ហានេះក្រសួងអប់រំ យុវជននិងកីឡាបានរៀបចំគោលនយោបាយយុទ្ធសាស្រ្តជាច្រើនដើម្បីលើកម្ពស់សេវាអប់រំសម្រាប់កុមារ យុវជននិងជនពេញវ័យឳ្យទទួលបានការអប់រំនិងកាត់បន្ថយអត្រាបោះបង់ពីសាលារៀនក៏ដូចជាលើកកម្ពស់អត្រាអក្ខរកម្មក្នុងចំណោមយុវជននិងជនពេញវ័យ ។ ជារៀងរាល់ក្រសួងអប់រំតែងតែរៀបចំយុទ្ធនាការចុះឈ្មោះចូលរៀននៅដើមឆ្នាំសិក្សាដើម្បីផ្សព្វផ្សាយនិងជម្រុញកុមារមកសាលារៀន ។ ដើម្បីបង្កើនគុណភាពនៃការរៀនសូត្រ ជាពិសេសគឺភាសារខ្មែរ និងគណិតវិទ្យា ក្រសួងអប់រំបានធ្វើការណែនាំអំពីវិធីសាស្រ្តបង្រៀនអំណាននិងអក្ខរសាស្រ្តរាប់បញ្ចូលទាំងការវាយតម្លៃអំណាន ដំបូង និងការវាយតម្លៃគណិតវិទ្យានៅថ្នាក់ដំបូងផងដែរ ។ បន្ថែមលើសពីនេះទៀតកាលពីឆ្នាំកន្លងទៅរាជរដ្ឋាភិបាលបានយល់ព្រមកំណត់យកថ្ងៃទី១១ខែមីនា ជារៀងរាល់ឆ្នាំជាទិវាអំណានជាតិដើម្បីបណ្តុះទម្លាប់អាននិងលើកម្ពស់វប្បធម៌អាននៅក្នុងសង្គមកម្ពុជា។ ក្រសួងអប់រំក៏កំពុងតែសាកល្បងកម្មវិធីប្រឹក្សាយោបល់អំពីការងារនិងផែនការអនាគតនៅតាមសាលារៀននៅក្នុងខេត្តបាត់ដំបងដើម្បីកាត់បន្ថយអត្រាបោះបង់ការសិក្សាជាពិសេសនៅកម្រិតមធ្យមសិក្សាទុតិយភូមិ ។
ជាមួយយុទ្ធសាស្រ្តទាំងអស់នេះនិងកិច្ចខិតខំប្រឹងប្រែងទាំងឡាយរបស់រាជរដ្ឋាភិបាលជាមួយក្រសួងអប់រំ យុវជននិងកីឡាបានធ្វើឳ្យមានការកើនឡើងនូវអត្រាអក្ខរកម្មជនពេញវ័យនៅប៉ុន្មានទសវត្យមកនេះ ។
ចំពោះអត្រាអក្ខរកម្មនៅក្នុងប្រទេសកម្ពុជា បើយោងទៅតាមរបាយការអង្កេតសេដ្ឋកិច្ចសង្គមឆ្នាំ២០១៤ (បោះពុម្ភដោយក្រសួងផែនការឆ្នាំ២០១៥) បង្ហាញថាអត្រាអក្ខរកម្មជនពេញវ័យគឺ៧៩.៧% (ស្ត្រី៧៣.៦%)ក្នុងឆ្នាំ២០១៣ កើនឡើងពី ៧៧.៦% ក្នុងឆ្នាំ២០០៨ ។ របាយការណ៍ដដែលក៏បានបង្ហាញពីគម្លាតឆ្ងាយពីគ្នាប្រហែល១៤% រវាងបុរសនិងស្រ្តីនៅតាមតំបន់ជនបទនិងទីប្រជុំជន ។ ដើម្បីឆ្លើយតបទៅនឹងបញ្ហាអនក្ខរភាពនេះ អង្គការយូណេស្កូបាននិងកំពុងជួយគាំទ្រដល់ក្រសួងអប់រំ យុវជននិងកីឡា ក្នុងការលើកកម្ពស់ការងារអក្ខរកម្មនៅទូទាំងប្រទេសតាមរយៈកម្មវិធីការអភិវឌ្ឍសមត្ថភាពការអប់រំសម្រាប់ទាំងអស់គ្នាចាប់តាំងពីឆ្នាំ២០១០មកដោយជួយគាំទ្រជាបច្ចេកទេសលើការធ្វើផែនការយុទ្ធសាស្រ្ត ការកសាងសមត្ថភាពវិជ្ជាជីវៈនិងស្ថាប័ន្ត ការសិក្សាស្រាវជ្រាវ ការត្រួតពិនិត្យនិងតាមដាន ក៏ដូចជាសកម្មភាព តស៊ូមតិផ្សេងៗទៀត ។ ឧទាហរណ៏មួយក្នុងចំណោមឧទាហរណ៍ជាច្រើនគឺផែនការពន្លឿនអក្ខរកម្មជាតិដែលបានជួយឲ្យក្រសួងអប់រំ យុវជននិងកីឡា អនុវត្តយុទ្ធនាការអក្ខរកម្មជាតិឆ្នាំ២០១៥នៅទូទាំងប្រទេស ។ ជាលទ្ធផលក្រសួងអប់រំ យុវជននិងកីឡាបានរៀនចំដំណើរការថ្នាក់អក្ខរកម្មចំនួន ៣២៥០ថ្នាក់ មានសិស្សជាជនពេញវ័យចំនួន៦៦៦៤២នាក់ ត្រូវជា៧១%ជាស្រ្តី បានចូលរួមក្នុងយុទ្ធនាការនេះ ។
ក្រសួងអប់រំ យុវជននិងកីឡា រួមជាមួយក្រសួងពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន អង្គការយូណេស្កូនិងដៃគូដ៏ទៃទៀតនឹងប្រារព្វទិវាអក្ខរកម្មជាតិនិងអន្តរជាតិ ៨កញ្ញា នៅខេត្តពោធិ៍សាត់ ក្រោមប្រធានបទ “អក្ខរកម្មរួមចំណែកបង្កើនសេដ្ឋកិច្ចគ្រួសារ” ។ សូមអរគុណដល់កិច្ចខិតខំប្រឹងប្រែងក្នុងការស្វែងរកមតិគាំទ្រជាបន្តបន្ទាប់កន្លងមកដែលធ្វើឳ្យកើតមានឡើងនូវសមិទ្ធផលជាក់ស្តែងស្តីពីសារៈសំខាន់នៃអក្ខរកម្មនិងទំនាក់ទំនងរបស់វាជាមួយនឹងមុខរបរសម្រាប់ប្រជាពលរដ្ឋកម្ពុជា ។ ជាឧទាហរណ៍កាលពីឆ្នាំកន្លងទៅសិស្សអក្ខរកម្មម្នាក់នៅខេត្តកំពង់ឆ្នាំងបាននិយាយថា៖ “មានរោងចក្រជាច្រើននៅក្នុងខេត្តកំពង់ឆ្នាំងមិនទទួលយកកម្មករណាដែលធ្វើតែស្តលើការអាននិងសរសេរមិនជាប់នោះទេ ហើយបន្ទាប់ពីបានចូលរួមក្នុងកម្មវិធីអក្ខរកម្មមក ពួកគេភាគច្រើនបានទៅធ្វើតែស្តជាប់និងបានទទួលយកចូលធ្វើការនៅតាមរោងចក្រទាំងនោះ” ។
រៀនសូត្របទពិសោធន៍ពីយុទ្ធនាការអក្ខរកម្មជាតិនិងការខិតខំប្រឹងប្រែងជាបន្តរបន្ទាប់កន្លងមកក្នុងការផ្តល់ឳកាសរៀនសូត្រពេញមួយជីវិតសម្រាប់ទាំងអស់គ្នា ក្រសួងអប់រំ យុវជននិងកីឡា និងអង្គការយូណេស្កូរួមគ្នាជាមួយក្រសួងកិច្ចការនារី អង្កការស៊ីប៉ា ក្រុមហ៊ុនទូរស័ព្ទចល័តស្មាតព្រមទាំងដៃគូជាតិ និងអន្តរជាតិនានាធ្វើការសាកល្បងអនុវត្តកម្មវិធីកញ្ចប់អក្ខរកម្មជាមួយអនក្ខរជនជាជនពេញវ័យនៅតាមរោងចក្រជាពិសេសគឺស្រ្តី ។ កម្មវិធីនេះជួយគាំទ្រដោយអង្គការយូណេស្កូ ដោយប្រើប្រាស់កញ្ចប់ថវិកាមាឡាឡាសម្រាប់សិទ្ធិទទួលបានការអប់រំរបស់ស្ត្រី ក្នុងគោលបំនងជួយឲ្យកុមារីនិងស្រ្តីវ័យក្មេងដែលធ្វើការនៅតាមរោងចក្រកាត់ដេរទទួលបានជំនាញអក្ខរកម្មមូលដ្ឋានដើម្បីធ្វើការកែលម្អទំនាក់ទំនងក្នុងការងារប្រចាំថ្ងៃ កែលម្អផលិតភាពនិងលទ្ធផលការងាររបស់ពូកគេ ។ កម្មវិធីនេះនឹងចាប់ផ្តើមនៅតាមរោងចក្រចំនួន៤ក្នុងឆ្នាំ២០១៦នៅរាជធានីភ្នំពេញនិងពង្រីកច្រើនបន្ថែមទៀតនៅឆ្នាំ២០១៧ ។ ដូចដែលបានលើកទឹកចិត្តដោយសម្តេចតេជោនាយករដ្ឋមន្រ្តី ក្រសួងអប់រំ យុវជននិងកីឡា និងអង្គការយូណេស្កូសូមប្រកាសអញ្ជើញរោងចក្រទាំងអស់ចូលរួមក្នុងការរៀបចំបើកថ្នាក់កញ្ចប់អក្ខរកម្មនេះសម្រាប់កម្មករទាំងអស់គ្នាឳ្យបានរៀនសូត្រគ្រប់ៗគ្នា ។
បន្ថែមពីកម្មវិធីអក្ខរកម្មសម្រាប់ជនពេញវ័យ ក្រសួងអប់រំយុវជននិងកីឡានិងអង្គការយូណេស្កូ កំពង់តែរៀបចំកម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋានតាមប្រព័ន្ធអនឡាញមួយដោយប្រើប្រាស់ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននិងសារគមនាគមន៍សម្រាប់យុវជននិងជនពេញវ័យនៅក្រៅសាលារៀន ។ ក្រសួងអប់រំនិងអង្គការយូណេស្កូបានអញ្ជើញនាយកដ្ឋានជំនាញដែលពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍នានា អង្គការមិនមែនរដ្ឋាភិបាលនិងវិស័យឯកជនចូលរួមក្នុងកិច្ចការនេះ ។ ការបង្ហាញពីរបៀបរៀនតាមអនឡាញនេះត្រូវបានរំពឹងទុកថានឹងអាចឆ្លើយតបបានយ៉ាងឆាប់រហ័សទៅនឹងតម្រូវការរៀនសូត្ររបស់យុវជននិងជនពេញវ័យនៅក្រៅសាលារៀនជាពិសេសអ្នកដែលបានស្វែងរកការងារធ្វើដោយមិនបានបញ្ចប់ការអប់រំកម្រិតមូលដ្ឋាននៅឡើយ ។ កម្មវិធីនេះនឹងជួយឲ្យអ្នកដែលចាប់អារម្មណ៍នឹងការរៀនសូត្រអាចបញ្ចប់ការអប់រំកម្រិតមូលដ្ឋាននៅក្នុងពេលដែលពួកគេកំពុងតែធ្វើការងារព្រមទាំងជួយធ្វើឲ្យប្រសើឡើងនូវអត្រាបញ្ចប់ការអប់រំកម្រិតមូលដ្ឋាននៅក្នុងប្រទេសកម្ពុជា ។
ថ្ងៃនេះឆ្លៀតពេលដែលយើងប្រារព្វទិវារអក្ខរកម្មជាតិនិងអន្តរជាតិឆ្នាំ២០១៦ ក្រសួងអប់រំ យុវជននិងកីឡានិងអង្គការយូណេស្កូសូមថ្លែងអំណរគុណដល់ក្រសួងពាក់ព័ន្ធ ដៃគូអភិវឌ្ឍនានានិងសង្គមស៊ីវិលក៍ដូចជាវិស័យឯកជនទាំងអស់សម្រាប់ការបន្តរជួយគាំទ្រនិងធ្វើសហប្រតិបត្តិការលើកកម្ពស់ការងារអក្ខរកម្មនៅក្នុងប្រទេសកម្ពុជា ។ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមខាងមុខ យើងខ្ញុំសូមឳ្យមានការចូលរួមយ៉ាងសកម្មពីគ្រប់អ្នកពាក់ព័ន្ធទាំងអស់ថែមទៀតដើម្បីធ្វើឳជឿជាក់ថាប្រទេសកម្ពុជាគឺជាប្រទេសទីមួយនៅក្នុងប្រជាជាតិអាស៊ានដែលសម្រេចបានគោលដៅប្រកបដោយចិរភាពនៃការអប់រំឆ្នាំ២០៣០ ៕