រដ្ឋមន្ត្រីក្រសួងព័ត៌មាន អំពាវនាវអោយអ្នកសារព័ត៌មាន កុំចាញ់បោកអ្នកនយោបាយ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (៣១ សីហា ២០១៦) ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មានឯកឧត្តម ខៀវ កាញារិទ្ធ បានថ្លែងថា អ្នកសារព័ត៌មានត្រូវតែយល់អោយបានច្បាស់ពីវិជ្ជាជីវៈ ការងារច្បាប់ ការងារសង្គម និងជំនាញច្បាស់លាស់ ជាពិសេសច្បាប់ស្តីពី ការចុះបោះឆ្នោតថ្មី ដើម្បីកុំអោយមានការចាញ់បោកអ្នកនយោបាយដែលតែងតែបោកបញ្ឆោតមតិជាតិ និងអន្តរជាតិ។
ឯកឧត្តម ខៀវ កាញារិទ្ធ បានថ្លែងយ៉ាងដូចនេះ នៅក្នុងសិក្ខាផ្សព្វផ្សាយស្តីពី នីតិវិធី និងច្បាប់បោះឆ្នោតនៃព្រះរាជាណាចក្រកម្ពុជាដល់អ្នកសារព័ត៌មានជាច្រើនរូបមកពីស្ថាប័នរដ្ឋ និងឯកជន ដែលសហការរៀបចំដោយអគ្គនាយកដ្ឋានព័ត៌មាន និងសោធទស្សន៍ និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) នៅទីស្តីការក្រសួងព័ត៌មាន កាលពីថ្ងៃទី៣០ ខែសីហា។
ឯកឧត្តមបន្តថា អ្នកសារព័ត៌មានដែលជាអ្នកផ្តល់សំឡេងដល់អ្នកគ្មានសំឡេង និងជាអ្នកកែប្រែសង្គមត្រូវធ្វើយ៉ាងណា ដើម្បីផ្តល់ព័ត៌មានពិតមិនលំអៀងដល់ប្រជាពលរដ្ឋកុំអោយមានការភ័ន្តច្រឡំ ជាពិសេសក្នុងឱកាសផ្សព្វផ្សាយពីការចុះឈ្មោះបោះឆ្នោត និងក្នុងថ្ងៃប្រកាសលទ្ធផលនៃការបោះឆ្នោតនាពេលខាងមុខ៕