ទុក្ខព្រួយក្នុងចិត្តជាកត្តាចម្បងនឹងជំងឺដាច់សរសៃឈាមក្នុងខួរក្បាល
សារព័ត៌មាន Cambodia News/
សុខភាព (៣០ សីហា ២០១៦) ៖ តាមរបាយការណ៍ស្រាវជ្រាវលើមនុស្សប្រមាណ៣០ម៉ឺននាក់ចុះផ្សាយនៅ ក្នុងព្រឹត្តិបត្រ The Journal of the American Medical Association (JAMA)បានរកឃើញថា សេចក្តីទុក្ខព្រួយក្នុងចិត្តជាកត្តាសំខាន់មួយក្នុងចំណោមកត្តា នានាបង្កើននូវអត្រាប្រឈមនឹងជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ។
របាយការណ៍ ដដែលបានបន្តទៀតថា ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល គឺជាមូលហេតុនាំមុខគេនៃការស្លាប់ និងភាពពិការជាអចិន្ត្រៃយ៍ ដោយទុក្ខព្រួយអាចបង្កើតឱ្យមានជំងឺដាច់សរសៃឈាមក្នុងខួរក្បាល តាមរយៈកត្តាចម្បងៗមួយចំនួនដូចជា Neuroendocrine (ជាប់ទាក់ទងសរសៃប្រសាទនិងប្រព័ន្ធអង់ដូគ្រីន) ទង្វើដែលមិននាំមកនូវសុខភាព(ជក់បារី មិនហាត់ប្រាណ របបអាហារមិនគ្រប់គ្រាន់ កង្វះខាតការប្រតិបត្តិតាមក្បួនវេជ្ជសាស្ត្រ) ការធាត់ដុះពោះលើសទម្ងន់ ជំងឺទឹកនោមផ្អែម និងសម្ពាធឈាមឡើងខ្ពស់ជាដើម ។
ទោះជាយ៉ាងនេះក្តី ក្រុមអ្នកវិទ្យាសាស្ត្រជឿថា ការសិក្សាស្រាវជ្រាវលើកក្រោយបន្ថែមទៀតចាំបាច់ត្រូវតែបង្កើតឡើង ដើម្បីពិនិត្យមើលឱ្យកាន់តែច្បាស់ពីយន្តការនិងបំភ្លឺឱ្យកាន់តែ ច្បាស់ជាងនេះនូវផ្លូវដ៏គ្រោះថ្នាក់ដែលជាប់ទាក់ទងគ្នារវាងក្តី ទុក្ខព្រួយក្នុងចិត្តនិងជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ៕