រង្វាន់​នៅរុស្ស៊ី​ពាក់ព័ន្ធនឹង​មេដាយ​ដែល​កីឡាករ​ដណ្តើម​យកបាន​ក្នុងល្បែង​អូឡាំពិក​

ថ្ងៃនេះប្រព័ន្ធផ្សព្វផ្សាយ នៅរុស្ស៊ីនាំគ្នាបង្ហើបឲ្យដឹងថា កីឡាកររុស្ស៊ី ឈ្មោះMansur Isaiev ដែលម្សិលមិញចេះដណ្តើមបានមេដាយមាសខាងចំបាប់ Judo នឹងទទួលបានរង្វាន់បន្ថែម ក្នុងទឹកប្រាក់៣០លានរូប្ល ឬជិត១លានដុល្លារ ដោយមិនទាន់គិតពីប្រាក់រង្វាន់រំលែក ចេញពីថវិការដ្ឋសម្រាប់ពួកគេ។ តើរង្វាន់លើក ទឹកចិត្តយ៉ាងណាខ្លះ  ចំពោះមេដាយអូឡាំពិកដែលនៅរង់ចាំ កីឡាករកីឡាការិនីរុស្ស៊ី។

មេដាយនោះទើបជាមេដាយមាសទី២ ដណ្តើមបានដោយរុស្ស៊ី ក្នុងល្បែងអូឡាំពិកដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងឡុងដ្រឹ៍។ បើគិតក្នុង៣០ឆ្នាំចុងក្រោយ នេះជាលើកទី១ ដែលរុស្ស៊ីចេះដណ្តើមបានមេដាយមាសខាងចំបាប់ Judo រវាងអ្នកកីឡាទម្ងន់រហូតដល់ ៧៣គីឡូក្រាម។ ហើយអ្នកកីឡារុស្ស៊ីដែល ចេះប្រកួតឈ្នះគូប្រជែងជាតិជប៉ុនដ៏ល្បីខាងមុខ កីឡានេះ គឺ លោក Mansur Isaiev មានដើមកំណើតចេញមកពីទឹកដី Daguestan នៅតំបន់ភ្នំកូកាសចំណុះ សហព័ន្ធរុស្ស៊ី។ គាត់ប្រកួតគឺដោយតំណាងឲ្យខេត្តរុស្ស៊ី Chelyabinsk ជាទីដែលគាត់រស់នៅសព្វថ្ងៃ។

មោទនៈនឹងជោគជ័យនេះ អភិបាលខេត្ត Chelyabinsk ទើបប្រកាសថា លោក Mansur Isaiev នឹងទទួលបានពីពួក Sponsor ខេត្តនេះ នូវរង្វាន់៣០លានរូប្ល ឬជាង ៩សែន៣ម៉ឺនដុល្លារដែលគាត់អាចប្រើសម្រាប់ទិញទាំងលំនៅដ្ឋានទាំង រថយន្តធុនស្រាល។

កីឡាកររុស្ស៊ីម្នាក់ទៀត ដែលក៏ដណ្តើមបានមេដាយមាសដែរ ប៉ុន្តែខាងចំបាប់Judoរវាងអ្នកប្រកួតទម្ងន់ដល់៦០គីឡូក្រាម គឺលោក Arsen Galstyan ត្រូវក្រុមហ៊ុនសំណង់ខេត្ត Krasnodar ជាទីដែលគាត់រស់នៅសន្យាធ្វើកាដូជូនគាត់គឺ ឡាន Mercedes មួយគ្រឿងនិងបំពាក់លំនៅគាត់ដែលមាន ៦០ម៉ែត្រ. ក្រឡា ទៅដោយគ្រឿងសង្ហារិមថ្មីទែងគ្មានសល់ចន្លោះណាទេ។

ពីខាងរដ្ឋរុស្ស៊ីតាមដែលកាណាល់ទូរទស្សន៍ម៉ូស្គូ ផ្សាយឲ្យដឹង នឹងមានប្រគល់រង្វាន់ដូចតទៅ៖
ចំពោះមេដាយមាស គឺ ៤លានរូប្ល ឬ ១២៥.០០០ ដុល្លារ។
ចំពោះមេដាយប្រាក់ ២លាន៥សែនរូប្លឬ ៧៨.០០០ដុល្លារ។
ចំពោះមេដាយសំរឹទ្ធ ១លាន៧សែនរូប្ល ឬ ៥៣.០០០ដុល្លារ។

ក្រៅពីរង្វាន់ផ្លូវការរបស់រដ្ឋតាមធម្មតាអ្នកកីឡារុស្ស៊ី តែងទទួលរង្វាន់លើកទឹកចិត្តពីខេត្តដែលគេមានមុខតំណាងឲ្យជាទូទៅគឺក្នុងទម្រង់ជារថយន្តឬ លំនៅ ដ្ឋាន ប្រសិនបើអ្នកដែលចេះដណ្តើមបានមេដាយនោះទើបមានឬក៏ជិតមាន គ្រួសារថ្មីថ្មោង។

គេនៅចាំថា បន្ទាប់ពីការប្រកួតល្បែងអូឡាំពិកឆ្នាំ២០០០នៅក្រុង Sydney ជាទីដែលរុស្ស៊ីបានជាប់លេខ២ ដោយមេដាយមាសចំនួន ៣២ ក្រៅពីរង្វាន់ជា ប្រាក់រដ្ឋាភិបាលរុស្ស៊ីក៏បានធ្វើកាដូទៅម្ចាស់ មេដាយទាំងនោះម្នាក់ៗគឺឡានLexus ១គ្រឿង អាធុន RX-300។

ក្នុងល្បែងអូឡាំពិកនៅក្រុងឡុងដ្រឹ៍លើកនេះ រុស្ស៊ីតំណាងដោយអ្នកកីឡាខ្លួន ចំនួន ៤៣៦នាក់ ដែលសង្ឃឹមដណ្តើមឲ្យបានមេដាយមាស ក្នុងចំនួនពី២០ទៅ ៣០គ្រឿង៕ដោយ កែវ ឆាយា (RFI)

Related Articles

Back to top button
Close
Close