បេក្ខ​ជន​​ប្រព្រឹត្ត​​ផ្ទុយ ​នឹង​​បទ​​ប្បញ្ញត្តិ ​ពុំ​​អនុញ្ញាត​​ឲ្យ​​ប្រឡង​​​

សារព័ត៌មាន​​ Cambodia News​/
ភ្នំ​ពេញ (១៨ សីហា ២០១៦) ៖ កាលពី​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០១៦ ក្រសួង​អប់រំ យុវជន និង​កីឡា ​ បានចេញ​បទ​ប្បញ្ញត្តិ​ទូទៅ សម្រាប់​បេក្ខជន ប្រឡង​សញ្ញាបត្រ មធ្យមសិក្សា ទុតិយភូមិ សម័យ​ប្រឡង ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៦​។​

បទ​ប្បញ្ញត្តិ​ទាំងនោះ មានដូចជា​៖
– ​មិន​ត្រូវយក​ចូលក្នុង​មណ្ឌល​ប្រឡង ឬ​បន្ទប់​ប្រឡង នូវ​អាវុធជាតិផ្ទុះ​គ្រប់​ប្រភេទ​។
– មិនត្រូវ​យក​ចូល ក្នុង​មណ្ឌល​ប្រឡង ឬ​បន្ទប់​ប្រឡង​នូវ​សៀវភៅ សំណៅ​ឯកសារ​គ្រប់​រូបភាព កា​តាប កាបូប​យួរដៃ ថង់ សំពៀត កញ្ចប់​ផ្សេងៗ និង​ទឹក​លុយ​ពណ៌​ស​។
– មិន​ត្រូវយក​ចូលក្នុង​មណ្ឌល​ប្រឡង ឬ​បន្ទប់​ប្រឡង​នូវ​ទូរស័ព្ទដៃ ឧបករណ៍​អេឡិចត្រូនិក គ្រប់​ប្រភេទ ប្រដាប់​គិត​លេខ និង​នាឡិកាដៃ ដែល​អាច​គិត​លេខ​បាន​។​
– មិនត្រូវ​ធ្វើ​ ចម្លើយ​វិញ្ញាសា នៅលើ​សន្លឹក​កិច្ចការ​ណា ដែល​គ្មាន​ហត្ថលេខា​អនុរក្ស មិនត្រូវ​ប្តូរ​សន្លឹក​កិច្ចការ ឬ​ក្រដាស​ព្រាង ឬ​ផ្ទៀងផ្ទាត់​ចម្លើយ ឬ​ចម្លង​គ្នា​។
– មិនត្រូវ​ធ្វើ​សញ្ញា​សម្គាល់​លើ​សន្លឹក​កិច្ចការ ឬ​ហែក​សន្លឹក​កិច្ចការ ។​
– មិនត្រូវ​ឲ្យ​អ្នកដទៃ​ប្រឡង​ជំនួស​។​​ក្រសួង​អប់រំ ក៏បាន​ប្រកាសប្រាប់ ដល់​បេក្ខជន ដែលមាន​សិទ្ធិ​ប្រឡង សញ្ញាបត្រ​ទុតិយភូមិ បន្តទៀតថា ៖
១. ​ក្នុងករណី​បេក្ខជន ពុំ​ព្រម​ប្រគល់​សៀវភៅ ឬ​សំណៅ​ឯកសារ ឲ្យ​គណៈមេប្រយោគ បេក្ខជន​នោះ ពុំ​អនុញ្ញាត​ឲ្យ​ចូល​ប្រឡង​ជាដាច់ខាត ហើយ​ត្រូវ​បានកំណត់​ឲ្យ​ធ្លាក់​។​

២.​បេក្ខជន​ណា ដែល​បាន​ប្រព្រឹត្ត​សកម្មភាព ដូច​មាន​ក្នុង​ចំណុច II.១ បេក្ខជន​នោះ នឹង​បាន​ពិន្ទុ​សូន្យ ចំពោះ​វិញ្ញាសា​នោះ និង​ត្រូវ​បញ្ឈប់​មិន​ឲ្យ​ប្រឡង បន្តទៅទៀត ក្នុងសម័យ​ប្រឡង​នេះ​។​

៣.​មិន​អនុញ្ញាត​ឲ្យ​ចូល​ប្រឡង ចំពោះ​បេក្ខជន ដែល​មកដល់​មណ្ឌល​ប្រឡង ក្រោយ​ជួង​ទី​ពីរ ដោយ​ចេតនា ឬ​ដោយ​ធ្វេសប្រហែស និង​ត្រូវបាន​ពិន្ទុ​សូន្យ ចំពោះ​ករណី​ផ្ទុយ​នឹង​បទ​ប្បញ្ញត្តិ និង​កម្រិត​វិន័យ​។​

៤.​ ត្រូវបាន​កំណត់​ឲ្យ​ធ្លាក់ និង​ផ្អាក​មិន​ឲ្យ​ប្រឡង មួយឆ្នាំ​បន្ទាប់ ចំពោះ​បេក្ខជន ដែលមាន​សកម្មភាព ផ្ទុយ​នឹង​បទ​ប្បញ្ញត្តិ និង​កម្រិត​វិន័យ ត្រង់ចំណុច III.២ ដូចជា​ផ្លាស់ ឬ​ប្ដូរ​កន្លែង​អង្គុយ ។​

៥.​ ត្រូវបាន​កំណត់​ឲ្យ​ធ្លាក់ និង​ផ្អាក​មិន​ឲ្យ​ប្រឡង​ពីរ​ឆ្នាំ​បន្ទាប់ ចំពោះ​បេក្ខជន ដែលមាន​សកម្ម​ភាពផ្ទុយ នឹង​បទ​ប្បញ្ញត្តិ និង​កម្រិត​វិន័យ ត្រង់ចំណុច III.៣ ដូចជា​ឲ្យ​អ្នកដទៃ​មក​ប្រឡង​ជំនួស ។​

៦.​ចំពោះ​ បេក្ខជន ដែល​បង្ក​ឲ្យ​ខូច​របៀបរៀបរយ ក្នុងការ​ប្រឡង នឹងត្រូវ​លុបឈ្មោះ​ចេញ ពី​គ្រឹះស្ថានសិក្សា​របស់ខ្លួន រួច​បញ្ជូនទៅ​ស្ថាប័ន​មាន​សមត្ថកិច្ច ដើម្បី​ដោះស្រាយ តាមផ្លូវ​ច្បាប់​ជា​ធរមាន​៕

3

Related Articles

Back to top button
Close
Close