ស្ពានជ្រោយចង្វាចាស់នឹងត្រូវបិទទាំងស្រុងរយៈពេល២ឆ្នាំ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១១ សីហា ២០១៦) ៖ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ រហូតដល់អំឡុងខែមករា ឆ្នាំ២០១៩ការធ្វើចរាចរលើស្ពានមិត្តភាពកម្ពុជា-ជប៉ុន ឬហៅថា ស្ពានជ្រោយចង្វាចាស់នឹងត្រូវបិទទាំងស្រុងដើម្បីធ្វើការជួសជុល និងកែលម្អរឡើងវិញ ខណៈពេលស្ពាននេះមានសភាពទ្រុឌទ្រោមខ្លាំង។
អភិបាលរង រាជធានីភ្នំពេញលោក ឃួង ស្រេង បានបញ្ជាក់ថា ការងារជួសជុលស្ពាននេះ ត្រូវធ្វើឡើងក្នុងទ្រង់ទ្រាយធំ ដែលតម្រូវអោយមានការបិទចរាចរទាំងស្រុង ដើម្បីឲ្យក្រុមការងារ ងាយស្រួល ព្រោះស្ពាននេះមានសភាពទ្រុឌទ្រោមខ្លាំង ជាពិសេសកំណល់ ឬធ្នឹមទ្រតួស្ពានសង់ខាង និងការងារជាច្រើនទៀត
លោកបន្ថែមថា គម្រោងជួសជុលនេះនឹងត្រូវចំណាយថវិកាអស់ប្រមាណ៣៣លានដុល្លាអាមេរិក ដែលជាជំនួយឥតសំណង ឬតាមរយៈហិរញ្ញប្បទានសហប្រតិបត្តិការពីប្រទេសជប៉ុន ដោយចាប់ផ្តើមពីខែមករា២០១៧តទៅ និងត្រូវបញ្ចប់ជាស្ថាពរនៅពាក់កណ្តាលខែមករា២០១៩ខាងមុខនេះ៕