ACU កោះហៅក្រុមអ្នកសង្កេតការណ៍ថ្ងៃប្រឡងបាក់ឌុប ចូលរួមប្រជុំប្រាប់ពីភារកិច្ច
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៨ សីហា ២០១៦) ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) គ្រោងកោះហៅក្រុមអ្នកសង្កេតការណ៍ ឲ្យចូលរួមប្រជុំ នារសៀលថ្ងៃទី១៧ សីហា ខាងមុខនេះ ដើម្បីឲ្យដឹងពីភារកិច្ច និង របៀបសង្កេតការណ៍ ក្នុងថ្ងៃប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ (បាក់ឌុប) ដែលនឹងព្រឹត្តទៅនៅថ្ងៃទី២២-២៣ សីហា ឆ្នាំ ២០១៦។
តាមការគ្រោងទុក កិច្ចប្រជុំនេះ នឹងធ្វើនៅវិទ្យាស្ថានបច្ចេកទេសកម្ពុជា (សាលាតិចណូ) ដែលពួកអ្នកសង្កេតការណ៍ នឹង ត្រូវបានគេណែនាំឲ្យដឹងពីបទប្បញ្ញតិ្ដ ដើម្បីរក្សាបាននូវ សុច្ចរិតភាព នាពេលប្រឡងតាមទិសស្លោក “ អ្នកចេះ គឺជាប់”។
គួរបញ្ជាក់ថា កាលពីសម័យប្រឡងឆ្នាំ២០១៥ ដែលជាឆ្នាំចាប់ផ្ដើមរឹតបន្តឹងគុណភាពអប់រំ មានអ្នកចូលរួមសង្កេតការណ៍ចំនួនជាង៥ពាន់នាក់ និង ក្នុងឆ្នាំ២០១៦នេះ កើនឡើងខ្ពស់រហូតដល់ជាង៦ពាន់នាក់។ បើតាមការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងអប់រំ ឯកឧត្តម ហង់ ជួនណារ៉ុន ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ បាក់ឌុបឆ្នាំនេះ ត្រូវបានរឹតបន្តឹង ជាងឆ្នាំមុន៕