សម្តេច ហ៊ុន សែន ប្រកាសយកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ជាការបោះឆ្នោតថ្នាក់ជាតិ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៨ សីហា ២០១៦) ៖ ថ្លែងនៅក្នុងពិធីចាក់បេតុងតភ្ជាប់មុខតំណស្ពានឆ្លងកាត់ទន្លេបាសាក់នៅស្រុកកោះធំ ខេត្តកណ្តាល នៅថ្ងៃទី០៨ ខែសីហា នេះ សមតេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា កាលបរិច្ឆេតនៃការបោះឆ្នោតថ្នាក់ជាតិនឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ សម្តេចក៏បានបញ្ជាក់ជាថ្មីថា មិនមានការបោះឆ្នោតមុនខែកក្កដានោះទេ។
កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ សម្តេច ហ៊ុន សែន ធ្លាប់បានរំឭកពីការចរចាថ្ងៃទី២២ខែកក្កដា ឆ្នាំ២០១៤ថា សម្តេចបានស្នើឲ្យមានការបោះឆ្នោតថ្នាក់ជាតិនៅខែកុម្ភៈ ឆ្នាំ២០១៨ តែសម្តេចថា គណបក្សសង្រ្គោះជាតិមិនយល់ព្រម។ សម្តេចបន្តថាបើតាមរដ្ឋធម្មនុញ្ញ អ្វីៗមិនអាចកែប្រែបានទៀតទេ ហើយរដ្ឋាភិបាលនឹងប្រើច្បាប់បោះឆ្នោតចាស់ដដែល។
គួររំលឹកថា គណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិ ធ្លាប់បានព្រមព្រៀងគ្នាជាគោលការណ៍ថាការបោះឆ្នោតអាណត្តិទី៦ នឹងត្រូវប្តូរមកធ្វើនៅអំឡុងខែកុម្ភៈ ដោយសារតែនៅខែកក្កដា ជាខែវស្សាដែលមានភ្លៀង ហើយក៏នៅតាមតំបន់ខ្លះជួបគ្រោះទឹកជំនន់ ពិបាកក្នុងការរៀបចំការបោះឆ្នោត៕