សម្តេច ហ៊ុន សែន អញ្ជើញចាក់បេតុងតភ្ជាប់ស្ពានកោះធំ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (08 សីហា 2016) ៖ នៅវេលាម៉ោង ៨ព្រឹកថ្ងៃទី៨ ខែសីហា នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីចាក់បេតុងតភ្ជាប់ ស្ពានកោះធំ ស្ថិតក្នុងស្រុកស្អាង ខេត្តកណ្តាល ។
សូមបញ្ជាក់ថា ស្ពានកោះធំមានទីតាំងនៅចំណុចគីឡូម៉ែត្រលេខ ៥៨+២០០ ស្ថិតលើផ្លូវជាតិលេខ២១ ត្រង់ចំណុចភូមិព្រែកធន់ ឃុំព្រែកថ្មី ស្រុកកោះធំ គឺតភ្ជាប់ពីផ្លូវជាតិលេខ២១ ពីត្រើយខាងលិចទន្លេបាសាក់ ឆ្លងទៅផ្លូវជាតិលេខ១១០ ដែលជាផ្លូវប្របមាត់ទន្លេនៅត្រើយខាងកើតទន្លេបាសាក់ ស្ថិតនៅក្នុងភូមិព្រែកថ្មី ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្តាល ។
តួស្ពានមានប្រវែងសរុប៤១៥ម៉ែត្រ ទទឹង១៣.៥០ម៉ែត្រ ជាប្រភេទស្ពានបេតុងសរសៃដែក ។ ស្ពានកោះធំ សាងសង់ ដោយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់របស់ចិន និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនសំណង់ក្វាងចូវ វ៉ានអានរបស់ប្រទេសចិន ។
ស្ពានកោះធំ មានប្រវែងសរុប៨២៤ម៉ែត្រ ចំណាយថវិកាសាងសង់សរុប១៩.៣៩លានដុល្លារអាមេរិក ជាថវិកាកម្ចីឥណទានពីរដ្ឋាភិបាលចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាចំនួន២.៨លានដុល្លារអាមេ រិក ។ ស្ពានកោះធំប្រើរយៈពេលសាងសង់៣៦ខែ ដោយចាប់ផ្ដើមពីខែមីនា ឆ្នាំ២០១៤ និងគ្រោងបញ្ចប់នៅចុងឆ្នាំ២០១៦ ឬដើមឆ្នាំ២០១៧ ៕