លោក ជួន សុវណ្ណ បញ្ជាក់ក្រោយមានការរិះគន់ពីសកម្មភាពដេញចាប់ឃាតករ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៣ សីហា ២០១៦) ៖ កាលពីថ្ងៃទី២ ខែសីហា នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ បានចេញមុខបញ្ជាក់ ពីប្រតិបត្តិការ របស់កងកម្លាំងនគរបាលខណៈពេលដេញតាមចាប់ឃាតករបាញ់សម្លាប់លោកបណ្ឌិត កែម ឡី តាំងពីន្លែងកើតហេតុដែលបានធ្វើឡើងយ៉ាងពិតប្រាកដ និងដ៏ក្តៅគគុកក្រោយមានអំពើឃាតកម្មនេះកើតឡើងភ្លាមៗនោះ។
លោកស្នងការនគរបាលរាជធានី បានថ្លែងយ៉ាងដូច្នេះ គឺដើម្បីឆ្លើយតបទៅនឹងការរិះគន់មួយចំនួនដូចជាតាមបណ្តាញសង្គម Facebook រហូតយកទៅផ្សាយតាមវិទ្យុអាស៊ីសេរី ដោយលើកឡើងថា ការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ គឺហាក់បីដូចជាការរៀបចំផែនការមួយ ពីសំណាក់កងកម្លាំងសមត្ថកិច្ចនគរបាល។
ចំពោះ ការចោទប្រកាន់ដោយគ្មានមូលដ្ឋានថា ជាការរៀបចំផែនការរបស់កងកម្លាំង សមត្ថកិច្ចនគរបាលខាងលើនេះ លោកស្នងការ បានចាត់ទុកថាជារឿងអយុត្តិធម៌ខ្លាំងណាស់ដល់នគរបាលរបស់លោក ដែលបានបញ្ចេញសកម្មភាព ប្រតិបត្តិការដេញចាប់ឃាតករ ហូតទាល់តែបាននេះ។
ជាមួយគ្នានេះ សម្រាប់សកម្មភាពបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ដែលត្រូវបានថតជាប់ទាំងស្រុងពីCamera នោះ ត្រូវបានលោកស្នងការ អះអាងថា នឹងបង្ហាញជាសាធារណ:នៅពេលបើកសវនាការនាពេលខាងមុខ ពីព្រោះនៅដំណាក់កាលនេះ សមត្ថកិច្ចមិនទាន់អាចបង្ហាញជូននោះ ក៏ព្រោះតែស្ថិតក្រោមការស្រាវជ្រាវនៅឡើយ៕