សាលាក្រុងប្រកាសឈប់ទទួលយកបង្កាន់ដៃពន្ធក្រោមឆ្នាំ២០០៧
ដោយ៖ ហេង នាង
Cambodia News
តាមសេចក្តីជូនដំណឹងរបស់សាលាក្រុងភ្នំពេញបានឲ្យដឹងថា ចាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២តទៅ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញនឹងឈប់ទទួលយកបង្កាន់ដៃពន្ធក្រោមឆ្នាំ២០០៧ សម្រាប់ការធ្វើប័ណ្ណសម្គាល់ និងស្លាកលេខទោចក្រយានយន្ត និងត្រីចក្រយានយន្តទៀតហើយ។
មូលហេតុនៃការឈប់ទទួលយកបង្កាន់ដៃបង់ពន្ធក្រោមឆ្នាំ២០០៧នេះ ត្រូវបាន សាលាក្រុងភ្នំពេញ បញ្ជាក់ថា ដោយ សារតែកន្លងមកមានបងប្អូនប្រជាពល រដ្ឋមួយចំនួនបានលក់ ទិញ ទោចក្រយាន យន្ត និងត្រីចក្រយានយន្ត ដែលមានបង្កាន់ដៃបង់ពន្ធក្រោមឆ្នាំ២០០៧ ហើយពុំ ទាន់បានមកចុះបញ្ជី សុំ ប័ណ្ណសម្គាល់ និងស្លាកលេខនៅឡើយ។
អាស្រ័យដោយសារតែហេតុផលទាំងនេះ ទើបសាលាក្រុងភ្នំពេញធ្វើការអំពាវនាវដល់បងប្អូនប្រជា ពលរដ្ឋដែលមានបង្កាន់ដៃបង់ពន្ធក្រោមឆ្នាំ២០០៧ទាំងអស់ ប្រញាប់មកចុះបញ្ជីសុំប័ណ្ណសម្គាល់ និងស្លាកលេខ នៅអង្គភាពចុះបញ្ជីទោចក្រយានយន្ត និងត្រីចក្រយានយន្ត នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញឲ្យបានមុនថ្ងៃទី៣១ ធ្នូ ២០១២៕