សម្ដេច​​តេ​ជោ ​ប្ដឹង​​លោក ​សម ​រង្ស៊ី ​និង​​លោក​ស្រី ​ថាក់ ​​ឡា​នី ​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (០១ សីហា ២០១៦) ៖ រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកថា ការចោទប្រកាន់របស់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និង លោកស្រី ថាក់ ឡានី សមាជិក​ព្រឹទ្ធស​ភាគ​ណបក្ស​ សម រង្ស៊ី មកលើសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថា​ជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង​នៃ​អំពើ​ឃាត​កម្ម​បាញ់​សម្លាប់​លោកបណ្ឌិត កែម ឡី ។

ជាការឆ្លើយតបនូវការចោទប្រកាន់គ្មានភស្តុតាងនេះ មេធាវីតំណាងដោយអាណត្តិរបស់សម្ដេចតេជោ កាលពីព្រឹកថ្ងៃទី១ ខែសីហា បាន​ដាក់​ពាក្យ​បណ្ដឹង​២​ដាច់​ដោយឡែកពីគ្នា មានកម្មវត្ថុប្ដឹងលោក សម រង្ស៊ី និង ប្ដឹង លោកស្រី ថាក់ ឡានី ដោយសំណូមពរឲ្យតុលាការផ្ដន្ទាទោសអ្នកទាំងពីរ តាមច្បាប់ និង​ទាម​ទារ​សំណង​ជំ​ងឺចិត្តក្នុងម្នាក់ៗត្រឹមតែ១០០រៀលប៉ុណ្ណោះ ។

ក្នុងពាក្យបណ្ដឹងដែលបោះត្រាទទួលដោយអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១ ខែសីហា នេះ លោក គី តិច មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​សម្ដេចតេជោ បញ្ជាក់ថា កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ ឈ្មោះ សម រង្ស៊ី បានសរសេរនៅទំព័របណ្ដាញផ្សព្វផ្សាយសង្គមហ្វេសប៊ុក ផ្លូវការរបស់ខ្លួនថា ” ការបាញ់សម្លាប់លោក កែម ឡី ថ្ងៃនេះ ជាអំពើភេរវកម្មមួយទៀតរៀបចំឡើងដោយរដ្ឋអំណាច និង បានធ្វើកិច្ចសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៦ បញ្ជាក់និងចោទប្រកាន់ដដែលៗ ដែលនាំឲ្យមហាជននិយមប្រើប្រាស់បណ្ដាញផ្សព្វផ្សាយសង្គមហ្វេសប៊ុក បាន​ធ្វើ​ការ​ចែក​រំលែក​និង​បញ្ចេញ​មតិ​ថ្កោល​ទោស​មក​លើ​រាជរដ្ឋាភិបាលកម្ពុជា ” ។

ដោយឡែកពាក្យបណ្ដឹងមួយទៀតដែលប្ដឹងលោកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី នោះ លោកមេធាវី គី តិច បញ្ជាក់ថា តាម​រយៈ​វេទិ​កាសា​ធារណៈ​ដែលរៀបចំឡើងដោយលោកស្រី ថាក់ ឡានី កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ នៅខេត្តរតនគិរី លោកស្រី ថាក់ ឡានី បាន​ថ្លែង​ទៅ​កាន់​ប្រជា​ពល​រដ្ឋ​ជា​ច្រើនថា ” ហើយឥឡូវហ្នឹង ហ៊ុន សែន មិនដឹងគិតយ៉ាងម៉េចទៀតទេ នៅមិននៅ ចុះឡើង ចុះឡើង ទៅបាញ់លោក កឹម ឡី កឹម ឡី អ្នកវិភាគនយោបាយ “។

មេធាវីតំណាងដោយអាណត្តិរបស់លោកសម្ដេចតេជោ បានចាត់ទុកថា ការចោទប្រកាន់របស់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និង លោកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី មកលើសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថា​ជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង​នៃអំពើឃាតកម្មបាញ់សម្លាប់លោកបណ្ឌិត កែម ឡី នោះ មិនត្រឹមតែប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសនិងសេចក្ដីថ្លៃថ្នូររបស់សម្ដេចតេជោ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានចរិតជាការញុះញង់បំផុសបំផុលក្នុងចេតនាបញ្ឆេះកំហឹងមហាជន ដែល​អាច​បង្ក​ឲ្យ​មាន​ចលាចល​ក្នុង​សង្គម​និង​ប៉ះ​ពាល់​ដល់​ដំណើរ​ការ​នីតិវិធី​របស់​តុលាការ ទៀតផង ៕

Capture

 

Related Articles

Back to top button
Close
Close