ជក់បារី និងពិសារគ្រឿងស្រវឹង ជាមូលហេតុចំបងដែលបណ្តាលសម្រាលកូនមុនកំណត់
សារព័ត៌មាន Cambodia News/
ភ្នំ ពេញ (២៦ កក្កដា ២០១៦) ៖ វេជ្ជបណ្ឌិត ឯកទេសសម្ភពនិងរោគស្រ្តី បានឲ្យដឹងថា មូលហេតុបណ្តាលអោយ កូនគម្រាមកើតមិនគ្រប់ខែ អាចបណ្តាលមកពីការលើស ឬស្រក់ទំងន់ខ្លាំងក្នុងអំឡុងពេលមានផ្ទៃពោះ, ការពិនិត្យសុខភាពមិនបានទៀងទាត់, ការប្រើប្រាស់ថ្នាំដោយគ្មានវេជ្ជបញ្ជាត្រឹមត្រូវ និងមូលហេតុចំបងនោះគឺ ការជក់បារី និងពិសារគ្រឿងស្រវឹង អំឡុងពេលមានផ្ទៃពោះ។
ពាក់ព័ន្ធនឹងរោគសញ្ញានៃបញ្ហាកូនកើតមុនកំណត់នេះ វេជ្ជបណ្ឌិត ឯកទេសសម្ភពនិងរោគស្រ្តី បានលើកឡើងថា វាអាចស្តែងចេញនូវរោគសញ្ញាដូចជា ៖ ស្បូនកន្ត្រាក់ចង្កោងរឹង, រោយចង្កេះ និងណែនធ្ងន់លើថ្ងាសក្រោមពោះ, ឈឺចង្កេះ និងរោយចង្កេះខ្លាំង, អាចបែកទឹកភ្លោះដោយឯកឯង គ្មានការឈឺពោះ និងមានទឹករំអិលធ្លាក់មកក្រហមខុសពីធម្មតា។
ដើម្បីជៀសវាងការកើតបញ្ហាកូនកើតមុនកំណត់ វេជ្ជបណ្ឌិត ឯកទេសសម្ភពនិងរោគស្រ្តី បានផ្តល់ដំបូន្មានឲ្យស្រី្តមានផ្ទៃពោះ ទៅពិនិត្យ និងតាមដានផ្ទៃពោះអោយបានទៀងទាត់, កុំធ្វើការងារធ្ងន់ និងហួសកំលាំង, ហាមធ្វើដំណើរផ្លូវឆ្ងាយក្នុងអំឡុងពេលមានផ្ទៃពោះ, ពុំគួរមានកូនច្រើន និងញឹកញាប់, ជៀសវាងការរំលូតកូនដោយគ្មានបច្ចេកទេសត្រឹមត្រូវ៕