មនុស្សរាប់ពាន់នាក់ប្រមូលផ្ដុំគ្នាក្នុងទីក្រុងអ៊ីស្តង់ប៊ុលគាំទ្រការប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្ន
សារព័ត៌មាន Cambodia News /
ទួរគី (២២ កក្កដា ២០១៦) ៖ ប្រជាពលរដ្ឋរាប់ពាន់នាក់បានមកប្រមូលផ្ដុំគ្នាក្នុងទីលានចតុរ៉ង់ Taksim square កណ្ដាលទីក្រុងអ៊ីស្តង់ប៊ុលកាលពីយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ ជាការបង្ហាញភាពគាំទ្រសម្រាប់លោកប្រធានាធិបតីទួរគី Tayyip Erdogan។
ការជួបជុំគ្នានេះធ្វើឡើងក្រោយសភារបស់ប្រទេសទួរគី ឯកភាពផ្ដល់សិទ្ធអំណាចថ្មីសម្រាប់លោកប្រធានាធិបតី អឺដូហ្គែន ដែលនឹងអនុញ្ញាតឲ្យលោកពង្រីកការបង្ក្រាបលើក្រុមទាហាន, យោធា, តុលាការ និងក្រុមពាក់ព័ន្ធដែលធ្វើរដ្ឋប្រហារបរាជ័យកាលពីសប្ដាហ៍មុន។
សមាជិកសភា ៥៥០រូបកាលពីថ្ងៃព្រហស្បតិ៍បានបោះឆ្នោតក្នុងសម្លេងគាំទ្រ 346សម្លេងទល់នឹង 115សម្លេង ដើម្បីឯកភាពដាក់ប្រទេសទួរគីទាំងមូលក្នុងគ្រាអាសន្ន។ លោក អឺដូហ្គែន បានប្រាកាសការសម្រេចចិត្តរបស់គណៈរដ្ឋមន្ត្រី ដើម្បីស្វែងរកអំណាចបន្ថែមទៀតដោយលោកនិយាយថា ការដាក់រដ្ឋក្នុងគ្រាអាសន្ននឹងផ្ដល់ឧបករណ៍ជូនរដ្ឋាភិបាលកំចាត់មន្ត្រី និងជនក្បត់ក្នុងជួរយោធាដែលលោកហៅថាជាវីរុស៕