គ្រោះថ្នាក់ចរាចរណ៍ម្សិលមិញ ស្លាប់៤នាក់ របួសធ្ងន់ស្រាល ១២នាក់
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២១ កក្កដា ២០១៦) ៖ យោងតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍បានឲ្យដឹងថា នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ ម្សិលមិញមានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស កើតឡើងចំនួន ៨លើក (យប់ ៣លើក) បណ្តាលឲ្យមនុស្សស្លាប់៤នាក់ (ប្រុស) រងរបួសធ្ងន់ ៧នាក់ (ស្រី ១នាក់) និងរបួសស្រាល ៥នាក់ (ស្រី ១នាក់)។
ប្រភពដដែលបន្តថា ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ ទាំង ៨លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុប ចំនួន ១២គ្រឿង រួមមាន ម៉ូតូចំនួន ៦គ្រឿង រថយន្តធុនតូច ចំនួន ៣គ្រឿង រថយន្តធុនធំ ចំនួន ២គ្រឿង និងយានផ្សេងៗ ចំនួន ១គ្រឿង ។
ប្រភពខាងលើបញ្ជាក់ថា មូលហេតុ ដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ ចរាចរណ៍ រួមមាន ល្មើសល្បឿន ៣លើក (ស្លាប់ ២នាក់), មិនគោរពសិទ្ធិ ១លើក, បត់គ្រោះថ្នាក់ ១លើក (ស្លាប់ ១នាក់), ស្រវឹង ១លើក និងកត្តាយានយន្ត ២លើក (ស្លាប់ ១នាក់) ។
ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ៨នាក់ (យប់ ៧នាក់) ។ គ្រោះថ្នាក់នៅលើដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន ៧លើក និងផ្លូវខេត្ត-ក្រុង ចំនួន ១លើក ដោយឡែកយានយន្តដែលបង្កហេតុ រួមមាន ម៉ូតូ ៤លើក រថយន្តធុនតូច១លើក រថយន្តធុនធំ២លើក និងគោយន្ត១លើក
ជាមួយគ្នានោះម្សិលមិញលទ្ធិផលត្រួតពិនិត្យ អនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុប ទូទាំងប្រទេសមាន ចំនួន ៣០១០គ្រឿង ក្នុងនោះបានធ្វើការអប់រំ ចំនួន ១០៣៤គ្រឿង និងពិន័យសរុប ចំនួន ១៩៧៦គ្រឿង៕