ប្តីសម្លាប់ប្រពន្ធ ប្លន់យកទ្រព្យសម្បត្តិ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២១ កក្កដា ២០១៦) ៖ កាលពីវេលាម៉ោង៦នឹង៣០នាទីល្ងាច ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ ប្តី ដែលរស់នៅជាមួយប្រពន្ធអស់រយៈពេល៤ឆ្នាំមកហើយបានដាច់ចិត្ត សម្លាប់ ប្រពន្ធ ប្លន់យកគ្រឿងអលង្ការ និងទ្រព្យសម្បត្តិមួយចំនួនទៀត ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ចំណុចផ្ទះលេខ៤០៩ ក្រុមទី៩ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
ជន រងគ្រោះមានឈ្មោះ ម៉ត់ រី ភេទស្រី អាយុ២៦ឆ្នាំ ហៅក្រៅឈ្មោះ គុណ មានមុខរបរអ្នកចម្រៀង ភូមិព្រែកពោធិ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ជនសង្ស័យត្រូវជាប្តីមានឈ្មោះ អាស្តើង ហៅក្រៅភា ភេទប្រុស អាយុ ៣៤ឆ្នាំ មានមុខរបរជាអ្នកបើករថយន្តដឹកឈើនៅខេត្តកំពង់ស្ពឺ ស្នាក់នៅជាមួយប្រពន្ធ នៅភូមិឬស្សីសង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
តាមប្រភពព័ត៌មានជុំវិញពីកន្លែងកើតហេតុបានឲ្យ ដឹងថា មុនពេលកើតហេតុ ជនសង្ស័យជាប្តីខឹងជនរងគ្រោះចេះតែ រករឿង គាត់គំរាមថាសម្លាប់កាត់ដៃកាត់ជើងបោះចោលទៅក្នុងសមុទ្រខណៈពេលមក ដល់ថ្ងៃកើតហេតុ អ្នកជិតខាងបានចូលទៅហៅជនរងគ្រោះដើម្បីចេញមកហូបបាយ និងចេញមកអង្គុយលេងខាងមុខផ្ទះ ប៉ុន្តែចូលទៅដល់គាត់បានឃើញទ្វារចាក់សោរពីក្រៅ ប៉ុន្តែគាត់មើលតាមប្រហោងតូចៗឃើញជើងជនរងគ្រោះកំពុងតែដេកក៏ សង្ស័យ ហើយក៏បានទូរសព្ទ័ហៅសមត្ថកិច្ចមកអន្តរាគមន៍។
ពេលមក ដល់ជនរងគ្រោះបានដេកស្លាប់ទៅហើយនៅលើខ្លួនជនរងគ្រោះ គឺបាន បាត់ចញ្ចៀនមាស១ ខ្សែកមួយខ្សែ និងលុយចំនួនមួយលានរៀល។ ក្រោយពីពេលត្រួតពិនិត្យសាកសពរួច សមត្ថកិច្ចជំនាញបានកំណត់ថា គឺជាករណីច្របាច់កសម្លាប់ពិតមែន។ ក្រោយពេលកើតហេតុសពជនរងគ្រោះត្រូវសាច់ញាតិបងប្អូនមកទទួលយកទៅ ធ្វើបុណ្យនៅស្រុកកំណើត នៅឯភូមិព្រែកពោធិ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម៕