ម្តាយកូនប្រដៅលែងស្តាប់រត់ទៅប្តឹងសមត្ថកិច្ចឱ្យចាប់ខ្លួនទាំងយប់
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៨ កក្កដា ២០១៦) ៖ ដោយសារតែម្តាយខ្លាច និងលែងទុកចិត្តកូនប្រុសដែលតែងតែប្រព្រឹត្តអំពើខុសច្បាប់ រួចហើយបាននិយាយស្រែកគំរាមបាញ់សម្លាប់ទៀត ក្នុងពេលមានជម្លោះនឹងគ្នា ក៏បានរត់ទៅប្តឹងសមត្ថកិច្ចខណ្ឌសែនសុខឱ្យចុះចាប់កូនប្រុស រូបនោះ ព្រមទាំងបក្សពួក៣នាក់ទៀតទាំងយប់ កាលពីវេលាម៉ោង០៧យប់ថ្ងៃទី១៧ កក្កដា ២០១៦ ស្ថិតនៅចំណុចផ្ទះលេខ៧៣ ក្នុងភូមិដីថ្មីសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
តាម ប្រភពព័ត៌មាន បានឲ្យដឹងថា ស្ត្រីជាម្តាយឈ្មោះព្រំ ស្រី អាយុ៤៤ឆ្នាំ ជាជាងអ៊ុតសក់ ចំណែកកូនប្រុសដែលប្តឹងឱ្យចាប់ខ្លួននោះ ឈ្មោះគ្រី ម៉េងហុង ។ ដោយឡែកបក្សពួក ១-ឈ្មោះហេង ចាន់វិរៈ អាយុ២៧ឆ្នាំ ២-ឈ្មោះចាន់ សីលា អាយុ២២ឆ្នាំ និង៣-ឈ្មោះហេង សម្ផស្ស អាយុ២០ឆ្នាំ ។
ប្រភពបន្តថា នៅមុនពេលកើតហេតុ ស្ត្រីជាម្តាយខឹងកូនប្រុសខាងលើ ចេះតែបបួលមិត្តភក្តិ (៣នាក់ខាងលើ) ដែលជាមុខសញ្ញាមិនល្អ មកនៅក្នុងផ្ទះ ហើយត្រូវគាត់ស្តីបន្ទោស រហូតមានជម្លោះគ្នាខ្លាំង ។ កូនប្រុសមិនស្តាប់ម្តាយណែនាំទេ ថែមទាំងបានស្រែកគំរាមថា នឹងបាញ់សម្លាប់ ទើបម្តាយរត់ទៅប្តឹងសមត្ថកិច្ចតែម្តង ៕