ភ្លៀងនឹងបន្តធ្លាក់ចាប់ពីថ្ងៃទី១២ ដល់១៨ ខែកក្កដា
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១២ កក្កដា ២០១៦) ៖ ក្រសួងធនធានទឹក និង ឧតុនិយម បានប្រកាសថា ចាប់ពីថ្ងៃទី១២ រហូតដល់ថ្ងៃទី ១៨ កក្កដា ២០១៦ ខាងមុខនេះ ភ្លៀងនឹងបន្ដធ្លាក់ ដោយសារតែ ឥទ្ធិពលខ្យល់មូសុងនិរតី និង ជ្រលងសម្ពាធទាប។
សេចក្ដីប្រកាសរបស់ក្រសួងធនធាន ចេញនៅថ្ងៃទី ១២ កក្កដា ឆ្នាំ ២០១៦ នេះ បានបន្តទៀតថា ដោយសារតែ ឥទ្ធិពលខ្យល់មូសុងនិរតី និង ជ្រលងសម្ពាធទាប បានធ្វើឲ្យតំបន់មួយចំនួន នៅ កម្ពុជា មានភ្លៀងធ្លាក់ជាបន្តបន្ទាប់ឡើងវិញ ដោយក្នុងរួមមានដូចជា ៖
ទី១- តំបន់មាត់សមុទ្រ ៖ អាចនឹងមានភ្លៀងធ្លាក់បន្ត ក្នុងនោះ រួមមាន ៖
– ខេត្តកំពត និង ខេត្តកែប អាច នឹងមានភ្លៀងធ្លាក់ពីតិចទៅមធ្យម ចាប់ពីថ្ងៃទី ១២-១៨ ខែកក្កដា។
– ខេត្តកុះកុង និង ខេត្តព្រះសីហនុ អាចនឹងមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន ចាប់បីថ្ងៃទី ១២-១៤ ខែកក្កដា នឹងអាចមានភ្លៀងពីតិចទៅបង្គួរ ចាប់ពីថ្ងៃទី ១៥-១៨ ខែកក្កដា។
ទី២- តំបន់វាលទំនាប និង តំបន់ខ្ពង់រាប ៖ អាចនឹងមានភ្លៀងធ្លាក់រាយប៉ាយពីតិចទៅបង្គួរ ចាប់ពីថ្ងៃទី ១២-១៨ កក្កដា។
សូម បញ្ជាក់ថា នៅតំបន់មាត់សមុទ្រ និង ផ្ទៃសមុទ្រ មានខ្យល់បក់បោកខ្លាំង ចាប់ពីថ្ងៃទី ១២ដល់១៤ ខែកក្កដា ពិសេសក្នុងខេត្តកោះកុង និង ព្រះសីហនុ៕