នៅសៀមរាបអ្នកកើតជំងឺគ្រុនឈាមមានការកើនឡើង
ដោយ៖ ហេង នាង
Cambodia News
ក្រុមគ្រូពេទ្យបម្រើសុខភាពសាធារណៈ នៅក្នុងខេត្ត សៀមរាបបានឲ្យដឹងថាទាំងមន្ទីរ ពេទ្យកុមារ និងមន្ទីរពេទ្យបង្អែករបស់ ខេត្តសៀមរាបកំពុងទទួល ព្យាបាល អ្នក ជំងឺគ្រុនឈាម ដែលមានចំនួន ច្រើនលើសលុបជាង កាលពីឆ្នាំមុន។ដោយមានកុមារ កើតជំងឺគ្រុនឈាម ជា ច្រើនបានចូលទៅពិគ្រោះ ជំងឺ និងព្យាបាលជំងឺនៅ មន្ទីរពេទ្យ រហូតដល់មន្ទីរ ពេទ្យមានបញ្ហាខ្វះគ្រែ និង កន្លែងសម្រាប់ព្យាបាល អ្នកជំងឺទាំងនោះ។
នាយករដ្ឋបាលរបស់មន្ទីរពេទ្យកុមារអង្គរមិត្តគ្មានព្រំដែន លោក កែ សុគន្ធា ជា លោកបាននិយាយឲ្យ ដឹងថា ក្នុង រយៈពេល៧ខែ ឆ្នាំ២០១២ គឺមន្ទីរពេទ្យរបស់លោកបាន ទទួល ពិនិត្យកុមារជាង ១.០៦០នាក់ ដែលកើតជំងឺគ្រុន ឈាមហើយក្នុងចំណោមនោះ កុមារប្រមាណជាង ៥៧០នាក់បានសម្រាក ព្យាបាលនៅក្នុងមន្ទីរពេទ្យ។ តួលេខ នេះគឺកើនឡើងប្រមាណជិត៥ដងបើប្រៀបធៀបនឹង កុមារដែល ជកើតជំងឺគ្រុនឈាមក្នុងរយៈពេល ៧ខែកាលពីឆ្នាំ២០១១ ដោយមាន ចំនួនប្រមាណតែជាង៤៤០នាក់នោះ។
ប្រធានមន្ទីរពេទ្យបង្អែកខេត្តសៀមរាប លោក ប៉ែន ផល្គុន បាននិយាយថា បច្ចុប្បន្ននេះជំងឺគ្រុន ឈាមមិនមែនកើតតែលើកុមារ នោះទេគឺមនុស្សពេញវ័យមួយចំនួនក៏កំពុងកើតមានជំងឺនេះដែរក្នុង រយៈពេល៦ខែឆ្នាំ២០១២ មនុស្សធំដែលកើតជំងឺ គ្រុនឈាមមានចំនួនប្រមាណពី៥០ទៅ៦០ករណី ហើយចំនួននេះគឺកើនឡើងប្រហែលជាង២ដងបើប្រៀបធៀបទៅ នឹងរយៈពេល៦ខែកាលពីឆ្នាំ២០១១ កន្លងទៅ។
បើទោះបីជាតួលេខនៃអ្នកកើតជំងឺគ្រុនឈាមក្នុងរយៈពេល៦ខែឆ្នាំ២០១២ មានការកើនឡើងជាងឆ្នាំមុនមែន ក៏ប៉ុន្តែ អត្រានៃ ការស្លាប់ដោយសារជំងឺនេះ មានតិចតួចបំផុត។ពេលបច្ចុប្បន្ន ក្រៅពីមន្ត្រី សុខភាពបង្កើនការរៀបចំព្យាបាលជំងឺគ្រុនឈាមនោះ គឺមន្ទីរបានធ្វើយុទ្ធនាការដើរចែកថ្នាំអាបេត សម្លាប់មូសនិងដង្កូវទឹក ព្រមទាំងបានបាញ់ថ្នាំសម្លាប់មូលនៅតាម តំបន់មួយចំនួនផងដែរ៕