ចាប់ពីខែ សីហាទៅ ក្រសួងនឹងចាត់វិធានការក្តៅលើរថយន្ដ ដែលដឹកលើសទម្ងន់កំណត់
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១១ កក្កដា ២០១៦) ៖ ក្នុងលិខិតមួយចេញដោយក្រសួងសាធារណៈការបានឲ្យដឹងថា ក្នុងគោលបំណងការពារទ្រព្យសម្បតិ្ដសាធារណៈ ហេដ្ឋារចនាសម្ព័ន្ធ ឲ្យជាប់រឹងមាំ ស្របតាម ស្ដង់ដានៃការសាងសង់ ក៏ដូចជាកាត់បន្ថយការចំណាយថវិកាជាតិ ក្រសួងនឹងចាត់វិធានការអនុវត្ដ ចំពោះរថយន្ដដែលដឹកលើសទម្ងន់កំណត់ចាប់ពីដើម ខែសីហា នេះទៅ។
ក្នុងលិខិតដដែលបានឲ្យដឹងទៀតថា ក្រសួងនឹងរៀបចំ ក្រុមជញ្ជីងចល័តដែលមានភារកិច្ចថ្លឹងយាន្ដយន្ដ ដឹកទំនិញទាំងឡាយនៅតាមគោលដៅដូចជា មជ្ឈមណ្ឌលឃ្លាំងទំនិញ រោងចក្រផលិតសម្ភារៈធ្ងន់ៗ កសិដ្ឋាននានា កសិដ្ឋានផលិតថ្ម ដើម្បីត្រួតពិនិត្យថ្លឹងទម្ងន់មុននឹងធ្វើចរាចរណ៍ នៅលើបណ្ដាញផ្លូវថ្នល់ ឬនៅតាមផ្លូវវាងសំខាន់ៗដែលអ្នកបើកបររថយន្ដដឹងជញ្ជូនលើស ទម្ងន់បានបើកគេចវេសមិនចូលស្ថានីយថ្លឹងរថយន្ដ។
ក្រសួងក៏បានក្រើនរំឭក ដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្ដធុនធ្ងន់ អ្នកបើកបររថយន្ដធុនធ្ងន់ និងសាធារណៈជន ឲ្យចូលរួមសហការអនុវត្ដវិធានការនេះ និងរាយការណ៍មកក្រសួងករណីមន្ដ្រី តាមស្ថានីយជញ្ជីងអចល័ត និងក្រុមជញ្ជីងចល័តបានប្រព្រឹត្ដិមិនត្រឹមត្រូវ ក្នុងរូបភាពដូចជា ទារលុយ ឬដាក់ខែបង់លុយ ជាថ្នូរនឹងការបណ្ដែតបណ្ដោយឲ្យប្រព្រឹតិ្ដបទល្មើស៕