កងទ័ព​របស់​លោក​អាសាដ​ចាប់ផ្តើម​វាយលុក​ចូល​សម្បុក​ពួក​ឧទ្ទាម​នៅ​ក្រុង Alep

កងទ័ពស៊ីរីបានបើកការវាយប្រហារទៅលើ សម្បុករបស់ក្រុមឧទ្ទាម នៅទីក្រុង Alep កាលពីល្ងាចថ្ងៃសៅរ៍ម្សិលមិញ ហើយការវាយប្រយុទ្ធគ្នារវាងភាគី ទាំងពីរនៅតែបន្តរហូតមកទល់ថ្ងៃ អាទិត្យនេះ។ ក្នុងពេលជាមួយគ្នានេះ ប្រមុខដឹកនាំក្រុមប្រឆាំងស៊ីរីបានអំពាវនាវសុំជំនួយជាគ្រឿងសព្វាវុធ ពីបរទេស ចំណែកឯរដ្ឋមន្រ្តីការបរទេសនៃរដ្ឋាភិបាលលោកអាសាដវិញ កំពុងតែជួបចរចាជាមួយមន្រ្តីរដ្ឋាភិបាលអ៊ីរ៉ង់ ដែលជាសម្ព័ន្ធមិត្ត។

ទីក្រុង Alep ដែលជាក្រុងដ៏ធំទីពីររបស់ស៊ីរី បន្ទាប់ពីរដ្ឋធានីដាម៉ាស់ ត្រូវបានកម្លាំងឧទ្ទាមដណ្តើមកាន់កាប់បានមួយផ្នែកធំ ចាប់តាំងពីថ្ងៃទី២០ កក្កដាមក។ Alep គឺជាទីក្រុងសេដ្ឋកិច្ចដ៏សំខាន់បំផុត ស្ថិតនៅជាប់នឹងព្រំដែនជាមួយតួកគី ដែលជាច្រកដ៏សំខាន់ សម្រាប់ការនាំជំនួយ និងគ្រឿងសព្វាវុធ ពីបរទេសចូល មកផ្តល់ឲ្យកងកម្លាំងឧទ្ទាម។ ហេតុដូច្នេះហើយបានជា នៅពេលនេះ ទាហានរបស់លោកអាសាដកំពុងតែព្យាយាមវាយដណ្តើមយកក្រុងយុទ្ធសាស្រ្ត នេះមក កាន់កាប់វិញ។

ក្រោយពីបានឡោមព័ទ្ធ និងបាញ់ផ្លោងលើទីតាំងឧទ្ទាមអស់រយៈពេលជាច្រើនថ្ងៃ ទាហានថ្មើជើង និងកងរថក្រោះ របស់លោកអាសាដបានបើកការវាយ លុកចូលក្នុងក្រុង Alep កាលពីល្ងាចថ្ងៃសៅរ៍ម្សិលមិញ ហើយបន្តមកដល់ថ្ងៃអាទិត្យ ក្រោយពីបានផ្អាកមួយរយៈ នៅពេលយប់។

នៅថ្ងៃនេះ ប្រមុខដឹកនាំក្រុមប្រឆាំងបានប្រកាសអំពាវនាវសុំឲ្យប្រទេសលោកខាងលិច បង្កើតតំបន់គ្មានការហោះហើរ (No Fly Zone) នៅប៉ែកខាងជើង ប្រទេសស៊ីរី ហើយសុំឲ្យប្រទេសជាមិត្តស៊ីរី ផ្តល់គ្រឿងសព្វាវុធធុនធ្ងន់ និងទំនើបៗ ដើម្បីទប់ទល់នឹងរថក្រោះ និងយន្តហោះរបស់ទាហានលោកអាសាដ។ ប្រធានក្រុមប្រឹក្សាជាតិស៊ីរីបានលើកឡើងថា នៅពេលនេះ កងកម្លាំងឧទ្ទាមមានតែអាវុធធុនស្រាល និងចាស់ៗ ដើម្បីប្រយុទ្ធតទល់ នឹងទាហានរបស់លោក អាសាដ ដែលមានអាវុធទំនើបៗ។

នៅថ្ងៃជាមួយគ្នានេះដែរ រដ្ឋមន្រ្តីក្រសួងការបរទេសស៊ីរីកំពុងជួបជជែកជាមួយមន្រ្តីអ៊ីរ៉ង់ នៅក្នុងទីក្រុងតេហរ៉ង់ ហើយគ្រោងធ្វើសន្និសីទកាសែតរួមគ្នាជាមួយ រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ នៅល្ងាចនេះ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអ៊ីរ៉ង់។ ប្រធានបទនៃជំនួបនេះមិនត្រូវបានគេប្រកាស ឲ្យដឹងនោះទេ។

គួរបញ្ជាក់ថា អ៊ីរ៉ង់គឺជាសម្ព័ន្ធមិត្តយ៉ាងជិតស្និទ្ធបំផុតរបស់លោកអាសាដ។ មានរបាយការណ៍ខ្លះថែមទាំងអះអាងទៀតផងថា អ៊ីរ៉ង់បានបញ្ជូនទាហានឲ្យទៅ ជួយ លោកអាសាដ ដើម្បីទប់ទល់នឹងកម្លាំងឧទ្ទាម។ កាលពីថ្ងៃអង្គារកន្លងទៅនេះ អគ្គបញ្ជាការរងកងទ័ពអ៊ីរ៉ង់បានប្រកាសថា អ៊ីរ៉ង់នឹងមិនបណ្តោយឲ្យមាន អន្តរាគមន៍ពីក្រៅ ដើម្បីផ្តួលរំលំរដ្ឋាភិបាលស៊ីរីនោះទេ ហើយថែមទាំងបានដៅចំឈ្មោះប្រទេសមួយចំនួន ដែលអ៊ីរ៉ង់ចាត់ទុកថាជាសត្រូវរបស់ស៊ីរី គឺមាន អាមេរិក តួកគី កាតា អារ៉ាប៊ីសាអ៊ូឌីត ព្រមទាំងប្រទេសផ្សេងទៀតដែលគាំទ្រក្រុមប្រឆាំង ដែលអ៊ីរ៉ង់ និងលោកអាសាដចាត់ទុកថាជាក្រុមភេរវជន។

អ្នកសង្កេតការណ៍ជាទូទៅមើលឃើញថា នៅពីខាងក្រោយជម្លោះរវាងក្រុមឧទ្ទាម និងរដ្ឋាភិបាលរបស់លោកអាសាដនៅពេលនេះ គឺមានការប្រឈមមុខដាក់ គ្នាដោយប្រយោល រវាងមហាអំណាចតំបន់ពីរ គឺអ៊ីរ៉ង់ (តំណាងឲ្យអ្នកកាន់សាសនាអ៊ីស្លាម និកាយ Chiite) និងអារ៉ាប៊ីសាអ៊ូឌីត (តំណាងឲ្យអ្នកកាន់ សាសនាអ៊ីស្លាម និកាយ Sunnite)៕ ដោយ សេង ឌីណា (RFI)

Related Articles

Back to top button
Close
Close