ប្រជាមតិម្សិលមិញមិនអាចទម្លាក់ប្រធានាធិបតីពីអំណាចទេ
មូលហេតុ មកពីអត្រាអ្នកទៅបោះឆ្នោត តាមតួលេខគ.ជ.ប. គឺតែ៤៥,៩២% បានន័យថា ទាបជាង កម្រិត៥០% ទាមទារដោយច្បាប់។ ម៉្លោះហើយបានជា លទ្ធផលប្រជាមតិនោះមិនអាចយកជាការបានឡើយ ទោះបីក្នុងចំណោមអ្នកទៅបោះឆ្នោត មានដល់ទៅជាង ៨៦% ដែលគាំទ្រដល់ការ ទម្លាក់រូបលោកប្រធា នាធិបតី Traian Basescu ពីអំណាចក្តី។ ដូច្នេះ គាត់នឹងបន្តកាន់តំណែងខ្លួនរហូតដល់ផុតអាណត្តិ នៅឆ្នាំ២០១៤។
ប្រជាមតិម្សិលមិញ ធ្វើឡើងគឺ ទៅតាមការសម្រេចចិត្តរបស់រដ្ឋសភារូម៉ានី ដែលកាលពីថ្ងៃទី៦កក្កដា ដោយសំឡេងភាគច្រើន នៃពួកអ្នកតំណាងរាស្ត្រខាង “សម្ព័ន្ធកណ្តាលនិយម លំអៀងឆ្វេង” មានភាគច្រើន ដល់ទៅ២៥៦ លើ៤៥២ និងជាបក្សពួកលោកនាយករដ្ឋមន្ត្រី Victor Ponta បានបោះឆ្នោតដកការទុក ចិត្តពីលោកប្រធានាធិបតី Traian Basescu តំណាងឲ្យ “កម្លាំងកណ្តាលនិយមលំអៀងស្តាំ”។
ដកនេះ គឺក្រោមបទចោទប្រកាន់រូបប្រមុខរដ្ឋនោះ ថា ៖ រំលោភលើរដ្ឋធម្មនុញ្ញ ដោយចេះតែលូកដៃជ្រៀតចូលក្នុងសកម្មភាពស្ថាប័នប្លែកៗ, ប្រើអំណាចខ្លួន ជ្រុល ទាំងឆ្លៀតដាក់គ្នីគ្នាខ្លួន ឲ្យកាន់តំណែងនានាក្នុងរដ្ឋ, ធ្វើនយោបាយរឹតត្បិតសន្សំសំចៃគ្មានប្រណី នាំជាទុក្ខសោកដល់ប្រជាជន បែបយ៉ាងកាត់បន្ថយ ប្រាក់ខែនិយោជិតរដ្ឋ កាត់ប្រាក់រ៉ឺត្រែត បន្ថយប្រាក់ជំនួយសង្គម ដើម្បីបំពេញខ្លបត្រចៀកតាមល័ក្ខខ័ណ្ឌ របស់ “មូលនិធិរូបិយវត្ថុអន្តរជាតិ” FMI ជាម្ចាស់ ជំនួយបង្គាប់បញ្ជាលើប្រទេសរូម៉ានីដែលធ្លាក់ក្នុងវិបត្តិ ធ្ងន់ធ្ងរ។ គួរនិយាយថា រូម៉ានីដែលកម្ពុជាមានទំនាក់ទំនងការទូតជាមួយ គឺជាប្រទេសមួយក្រីក្រជាង គេនៅអឺរ៉ុប ដែលត្រូវបានទទួលចូលជាសមាជិកសហភាពអឺរ៉ុប តាំងពីឆ្នាំ២០០៧មក។
គួរនិយាយថា លោកប្រធានាធិបតី Traian Basescu តាំងពីដើមទីមក តែងចាត់ទុកការសម្រេចចិត្តនោះ របស់រដ្ឋសភា ធ្វើដោយគូសត្រូវគាត់ លោកនាយករដ្ឋមន្ត្រី Victor Ponta ទោះបីវាត្រូវបានទទួលស្គាល់ដោយតុលាការធម្មនុញ្ញថា ស្របច្បាប់ក៏ដោយ គឺមានន័យជារដ្ឋប្រហារសោះ។
យប់មិញ ក្រោយពីឮដំណឹង ស្តីអំពីបរាជ័យប្រជាមតិនោះ លោកប្រធានាធិបតី Traian Basescu ថ្លែងដោយមោទនភាពថា លទ្ធផលដែលមានសឲ្យឃើញថា ប្រជាជនរូម៉ានីនាំគ្នាច្រានចោលរដ្ឋប្រហារនោះឯង ដែលធ្វើដោយមនុស្សមួយក្តាប់។
ជាការកត់សម្គាល់ សេចក្តីសម្រេចរបស់រដ្ឋសភារូម៉ានី ដកការទុកចិត្តពីលោកប្រធានាធិបតី Traian Basescu បានញ៉ាំងឲ្យមានប្រតិកម្មអវិជ្ជមានពីខាង សហភាពអឺរ៉ុប និងស.រ.អា. ដោយមកពីវាត្រូវបានអនុម័តយកទាំងប្រញាប់ប្រញាល់ពេក។
លោកប្រធានាធិបតី Traian Basescu ដែលកាន់អំណាចបាន៨ឆ្នាំហើយ តាំងពីឆ្នាំ២០០៤មក នឹងបន្តស្ថិតនៅក្នុងតំណែងខ្លួន លុះរហូតដល់ផុតអាណត្តិ នៅឆ្នាំ២០១៤ ខាងមុខ៕ ដោយ កែវ ឆាយា (RFI)