កូរ៉េខាងជើងបដិសេធព័ត៌មានស្តីពីគម្រោងធ្វើកំណែទម្រង់នយោបាយ
កាលពីថ្ងៃអាទិត្យម្សិលមិញ កូរ៉េខាងជើងបានបដិសេធព័ត៌មានផ្សព្វផ្សាយដោយបណ្តាញព័ត៌មានកូរ៉េ ខាងត្បូង ដែលថា កូរ៉េខាងជើងគ្រោងធ្វើ កំណែទម្រង់ សំខាន់ៗ មួយចំនួន។ មន្រ្តីជាន់ខ្ពស់កូរ៉េខាងជើងបានប្រាប់ទៅរដ្ឋាភិបាលកូរ៉េខាង ត្បូងថា កុំស្រមើស្រមៃឲ្យសោះថា ក្រោមការដឹកនាំរបស់លោកគីម ជុងអ៊ុន កូរ៉េខាងជើងនឹងមានការផ្លាស់ប្តូរនយោបាយអ្វីណាមួយនោះ។
ការរំពឹងថានឹងមានកំណែទម្រង់ធំៗនៅកូរ៉េខាងជើងបានកើតមានឡើងនៅក្នុងមួយរយៈកាលចុងក្រោយនេះ ជាពិសេសនៅក្រោយពេលដែលគេឃើញមាន ការ ផ្លាស់ប្តូរមេទ័ពកំពូលៗ និងការបើកបង្ហាញពីជីវិតផ្ទាល់ខ្លួនរបស់លោកគីម ជុងអ៊ុន។
ថ្មីៗនេះ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងបានប្រកាសឲ្យដឹងជាសាធារណៈថា ស្រ្តីអាថ៌កំបាំង ដែលគេតែងតែឃើញនៅក្បែរលោកគីម ជុងអ៊ុន គឺជាភរិយារបស់ គាត់។ការប្រកាសបង្ហាញជាសាធារណៈអំពីជីវិតអាពាហ៍ពិពាហ៍របស់ប្រមុខដឹកនាំ កូរ៉េខាងជើងបែបនេះគឺជារឿងដែលគេមិនធ្លាប់ឃើញមានទេ កាលពីក្នុង ជំនាន់ ឪពុក និងជីតារបស់លោកគីម ជុងអ៊ុន នៅកាន់អំណាច។ ដូច្នេះហើយបានជាធ្វើឲ្យគេគិតថា លោកគីម ជុងអ៊ុន ដែលទទួលការអប់រំនៅប្រទេសស្វ៊ីស គឺជាមេដឹកនាំជំនាន់ថ្មី មានគំនិតបើកចំហ ហើយមិនប្រកាន់គំនិតអភិរក្សនិយមដូចឪពុក និងជីតារបស់គាត់។
ម្យ៉ាងទៀត គេគិតថា ការផ្លាស់ប្តូរតំណែងមេទ័ពចាស់ៗសល់ពីសម័យមុន គឺត្រូវបានរៀបចំធ្វើឡើង ដើម្បីឲ្យលោកគីម ជុងអ៊ុន ពង្រឹងអំណាច ហើយឈានទៅ រៀបចំធ្វើកំណែទម្រង់នយោបាយ។
ក៏ប៉ុន្តែនៅថ្ងៃអាទិត្យម្សិលមិញនេះ មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលកូរ៉េខាងជើងបានប្រកាសថា ការរំពឹងអំពីការធ្វើកំណែទម្រង់នៅកូរ៉េខាងជើង គ្រាន់តែជាការ ស្រមើស្រមៃរបស់កូរ៉េខាងត្បូងតែប៉ុណ្ណោះ។ លោកគីម ជុងអ៊ុន នឹងនៅបន្តអនុវត្តនយោបាយរបស់ឪពុក និងជីតារបស់គាត់ គឺនយោបាយយកកងទ័ពជាធំ ដោយគ្មានផ្លាស់ប្តូរអ្វីនោះទេ។ អ្នកណាដែលរង់ចាំការផ្លាស់ប្តូរនយោបាយនៅកូរ៉េខាងជើង គឺដូចជារង់ចាំព្រះអាទិត្យរះពីទិសខាងលិចអ៊ីចឹងដែរ។
ក្នុងពេលជាមួយគ្នា គណៈកម្មការការពារជាតិកូរ៉េខាងជើងបានចេញសេចក្តីថ្លែងការណ៍មួយ ព្រមានកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ជុំវិញការប៉ុនប៉ង បំផ្លាញរូបសំណាកលោកគីម អ៊ីលស៊ុង និងលោកគីម ជុងអ៊ីល នៅក្នុងទីក្រុងព្យុងយ៉ាង។ សេចក្តីថ្លែងការណ៍នេះបានព្រមានថា ទង្វើបែបនេះ គឺមានន័យស្មើ នឹងការប្រកាសសង្រ្គាម ហើយថា កូរ៉េខាងជើងមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីវាយតទល់នឹងសព្វាវុធទំនើបៗរបស់អាមេរិក។
គួររំឭកថា នៅក្នុងសន្និសីទសារព័ត៌មាន កាលពីដើមខែនេះ កូរ៉េខាងជើងបានបង្ហាញមុខមនុស្សម្នាក់ ដែលបានអះអាងថា ខ្លួនត្រូវបានទីភ្នាក់ងារចារកិច្ចកូរ៉េ ខាងត្បូងជួលឲ្យមកដាក់ គ្រាប់បែកបំផ្លាញរូបសំណាក់អតីតប្រមុខដឹកនាំកូរ៉េខាងជើង៕ ដោយ សេង ឌីណា (RFI)