លោក កឹម សុខា អវត្តមានសវនាការនៅសាលាឧទ្ធរណ៍
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៤ កក្កដា ២០១៦) ៖ ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ពុំបានបង្ហាញវត្តមាននោះទេ នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៦ ស្រប ពេលដែលសភាស៊ើបសួរសាលាឧទ្ធរណ៍ ចាប់ផ្ដើមសវនាការចំពោះបទល្មើសបដិសេធក្នុងការចូលខ្លួន ដែលតុលាការចាត់ទុកថាជាបទល្មើសព្រហ្មទណ្ឌជាក់ស្ដែង ។ ប៉ុន្តែទោះបីយ៉ាងណា មេធាវីរបស់លោក កឹម សុខា បានចូលរួមសវនាការដើម្បីតតាំងនីតិវិធី ។
កាលពីពេលកន្លងទៅ មេធាវីការពារក្ដីលោក កឹម សុខា គឺលោក សំ សុគង់ ធ្លាប់បានបញ្ជាក់ថា កម្មវត្ថុនៃសវនាការនេះ គឺ ក្រុមមេធាវីបានប្ដឹងជំទាស់មោឃភាពចំពោះនីតិវិធីទាំងអស់ ទាំងសមត្ថកិច្ចព្យាយាមចាប់ខ្លួនលោក កឹម សុខា តុលាការចោទប្រកាន់លោក កឹម សុខា និង តុលាការកោះហៅលោក កឹម សុខា ចូលបំភ្លឺជាបន្តបន្ទាប់ ។
គួររំលឹកថា លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ ត្រូវបានលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទ បដិសេធក្នុងការចូលខ្លួន តាមមាត្រា៥៣៨នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធការកោះហៅពីរលើកមិនចូលបង្ហាញខ្លួន ដែលចាត់ទុកជាបទល្មើសព្រហ្មទណ្ឌជាក់ស្ដែង ៕