ក្រសួងអប់រំ បង្គាប់ឱ្យចាត់វិធានការពង្រឹងទប់ស្កាត់ ការឃោសនានយោបាយតាមសាលារៀន
សារព័ត៌មាន Cambodia News/
ភ្នំពេញ (៣០ មិថុនា ២០១៦) ៖ លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានបង្គាប់ឱ្យនាយកដ្ឋាន ការិយាល័យ ក៏ដូចជាមន្ទីរអប់រំតាមបណ្តាខេត្ត និងគ្រឹះស្ថានានា ចាត់វិធានការទប់ស្កាត់ ដល់ការឃោសនានយោបាយ នៅតាមសាលារៀនឱ្យមានប្រសិទ្ធភាព ខណៈពេល ដែលយុទ្ធនាការឃោសនានយោបាយ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នឹងចូលមកដល់នាពេលខាងមុខ។
នៅក្នុងលិខិតរបស់លោករដ្ឋមន្រ្តីក្រសួងអប់រំ បានសរសេរថា ឆ្លើយតបនឹងស្ថានភាពបច្ចុប្បន្ន និងពេលខាងមុខ ដែលគណបក្សនយោបាយនានាត្រូវឃោសនា និងផ្សព្វផ្សាយនូវកម្មវិធីនយោបាយ និងពង្រឹងប្រៀបឈ្នះរៀងៗខ្លួនតាមរយៈការរៀបចំវេទិកា ការចែកចាយសម្ភារៈ សម្លៀកបំពាក់ ឬវត្ថុផ្សេងៗទៀត ដែលបម្រើឱ្យសកម្មភាពនយោបាយ ឬឃោសនានយោបាយ ដោយជ្រៀតជ្រែកទៅក្នុងគ្រឹះស្ថានសិក្សា ឬអង្គភាពនានា ដែលផ្ទុយនឹងច្បាប់ស្តីពីការអប់រំ និងច្បាប់ស្តីពីសហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិល ក្រសួងអប់រំ យុវជន និងកីឡា សូមឱ្យឯកឧត្តម លោកជំទាវ លោក លោកស្រីចាត់វិធានការ ផ្សព្វផ្សាយ និងពង្រឹកការអនុវត្តខ្លឹមសារមាត្រា៣៤ នៃច្បាប់ស្តីពីការអប់រំ និងមាត្រា៣៧ នៃច្បាប់ស្តីពីសហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិល។
សូមបញ្ជាក់ថា កន្លងមកក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំលេខ៣៨ អយក.សណន ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៥ ស្តីពីការទប់ស្កាត់ការធ្វើសកម្មភាពឬឃោសនា នយោបាយនៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងគ្រឹះស្ថានសិក្សាឯកជននេះ៕