វាយប្រហារអត្តឃាតនៅតួកគី ស្លាប់ ៣២នាក់ និង ៨៨នាក់រងរបួស
សារព័ត៌មាន Cambodia News/
តួកគី (២៩ មិថុនា ២០១៦) ៖ មនុស្សយ៉ាងតិចណាស់ចំនួន ៣២នាក់ត្រូវបានសម្លាប់និងចំនួន៨៨នាក់បាន រងរបួសក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាតចំនួន៣នៅអាកាសយានដ្ឋាន Ataturk ក្នុងទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគីកាលពីថ្ងៃអង្គារ។ នេះបើតាមចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌៑មាន Dogan។
ក្រុម អាជ្ញាធរតួកគីបាននិយាយថា ក្រុមអ្នកវាយប្រហារបានចាប់ផ្តើមបាញ់ទៅលើក្រុមសន្តិសុខអាកាសយានដ្ឋាន នៅច្រកចូលហើយការបាញ់ប្រហារបានផ្ទុះឡើង នៅមុនពេលពួកវាបំផ្ទុះគ្រាប់បែកអត្តឃាតជាបន្តបន្ទាប់។
មិនមាន ក្រុមណាមួយប្រកាសទទួលខុសត្រូវភ្លាមៗចំពោះការវាយប្រហារនេះ ដែលបណ្តាលឱ្យផ្អាកការហោះហើរទាំងអស់នៅអាកាសយានដ្ឋាននេះទេ។
លោក វ៉ាស៊ីប សាហ៊ីន (Vasip Sahin) អភិបាលក្រុងអ៊ីស្តង់ប៊ុលបាននិយាយថា អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតចំនួន៣នាក់បានធ្វើការវាយប្រហារនេះ ដោយបានសម្លាប់មនុស្សចំនួន៣២នាក់និងចំនួន៨៨នាក់ផ្សេងទៀតបាន រងរបួស។
តួកគីបានទទួលរងការវាយប្រហារជាបន្តបន្ទាប់ក្នុង រយៈពេលមួយឆ្នាំ កន្លងទៅនេះ ដោយបានស្តីបន្ទោសទាំង២ទៅលើក្រុមឧទ្ទាមឃឺដនិងក្រុមIS៕
