ទឹកជំនន់នៅចិន សម្លាប់មនុស្ស ២២នាក់ និងបាត់ខ្លួន ២០នាក់
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២១ មិថុនា ២០១៦) ៖ មនុស្ស យ៉ាងតិចណាស់ ២២នាក់បានសម្លាប់ និងបណ្តាលឱ្យបាត់ខ្លួន ២០នាក់ ចាប់តាំងពីថ្ងៃសៅរ៍មក ដោយសារទឹកជំនន់ដ៏ខ្លាំងនៅប្រទេសចិនភាគខាងត្បូង ហើយត្រូវបានព្យាករណ៍ថាទឹកភ្លៀងនឹងបន្តដល់ប្រហែល៣ថ្ងៃទៀត។
ក្រសួងការពារជនស៊ីវិលចិនបាននិយាយថា មនុស្សប្រហែល២០០.០០០នាក់នៅខេត្តចំនួន៨និងនៅតំបន់មួយចំនួនទៀតនៅ ភាគខាងត្បូងនៃប្រទេសចិន ដែលរួមមានខេត្ត ហ៊ូបេ ខេត្តស៊ីឈាន់ ខេត្តគួយចូវ ខេត្តជាំងស៊ី ខេត្តយូណាន ខេត្តចឺជាំង និងខេត្តអានហ៊ុយ ត្រូវបានជម្លៀសចេញ។
ទីភ្នាក់ងារសារព័ត៌មានស៊ីនហួបានរាយការណ៍ថា ខ្យល់ព្យុះបានបង្កឱ្យទឹកទន្លេមានកម្រិតទឹកដ៏គ្រោះថ្នាក់ ដោយបានបំផ្លាញផលដំណាំ និង បណ្តាលឱ្យផ្ទះ១០.៥០០ខ្នងដួលរលំ។ គ្រោះធម្មជាតិនេះ ត្រួវបានវាយតម្លៃថានឹងធ្វើឱ្យខាតបង់សេដ្ឋកិច្ចអស់១,១ពាន់លាន ដុល្លារ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានស៊ីនហួ៕
